ព្រះ​សីហ​នុ​ ៖ ​មន្ត្រីសាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ សហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ និង​បបែល​ក្រៀម នៅ​ផ្សារ​វាល​រេញ កាលពីថ្ងៃ​ទី​១១ ធ្នូ ២០១៨ រក​ឃើញ​បបែល​ មានផ្ទុក​សារធាតុ​គីមីហាមឃាត់«ប៉ូរ៉ាក់» ។

ក្រៅពីរក​ឃើញ​ងៀត​បបែលចំនួន៣០គីឡូ​ក្រោម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​បាន​រក​ឃើញ​ការ​បន្លំ​ដាក់​បន្ថែម​ទម្ងន់​ ដោយចាក់សារធាតុ​មាន​សណ្ឋាន​ដូច​ចាហួយ​ ចូល​ទៅ​ក្នុង​បង្គា​ ចំនួន១៥គីឡូក្រាម ផងដែរ ។

មន្ត្រី​ជំនាញ​ ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល​ ជាមួយនឹង​បបែលផ្សេងទៀត ​ដែល​មាន​លាយ​សារធាតុ​គិ​មី​ដែល​បាន​ដកហូត​ចំនួន​២៨.៥០​គីឡូក្រាម​ នៅ​ផ្សា​រលើ ដែលរកឃើញ​កន្លង​ទៅ​ និង​ឱ្យ​ម្ចាស់​បបែល និង​បង្គាធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់​ក្នុង​រូបភាព​ណា​មិន​ប្រក្រតី​បន្ត​ទៀត​ ។

ក្នុង​ថ្ងៃ​ដដែល មន្ត្រី​សាខា​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដទៃ អោយ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត បើមិនព្រមបញ្ឈប់​ ៕