ទីក្រុង​សាន់​ហ្វា​ន់​ស៊ី​ស្កូ ៖ អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook និយាយ​នៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន Facebook បាន​ជម្លៀស​បុគ្គលិក​ចេញពី​អគារ​មួយ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ Menlo Park បន្ទាប់​ពី​ទទួល​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel NewAsia ។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​សារ​អេ​ឡិច​ត្រូ​និ​ច ថា គ្រប់​ៗ​គ្នា​សុទ្ធតែ​មាន​សុវត្ថិភាព ហើយ​ក្រុមហ៊ុន​កំពុង​ស៊ើបអង្កេត​អំពី​ហេតុការណ៍​នេះ ។ ទោះ​យ៉ាងណា មិន​ទាន់​បាន​បញ្ជាក់​ថា តើ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់ ដែល​គេ​ជម្លៀស​ចេញ​នោះ​ទេ ។

នាយកដ្ឋាន​ប៉ូលិស Menlo Park បាន​និយាយ​ថា បុគ្គលិក​ក្នុង​អគារ និង​រថយន្ត​នៅ​ចំណត Jefferson Drive ចំនួន​២០០ គ្រឿង​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​អង្គភាព​ការពារ ការ​បំផ្ទុះ​គ្រាប់បែក​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ និង​ជុំវិញ​អគារ​ទីស្នាក់ការ Facebook ។

ករណី​នៅ​ទី​ស្នាក់ Facebook នេះ​វិញ ត្រូវ​គេ​រាយការណ៍​ថា ដំបូង​ឡើយ​ការ​ហៅ​ទូរស័ព្ទ​ព្រមាន​ពី​ការ​បង្កៃ​គ្រាប់បែក​នេះ បាន​ធ្វើ​ឡើង​ទៅ​កាន់​កម្លាំង​ប៉ូលិស​នៅ​ទីក្រុង​ញូយ៉ក​ឯណោះ​ទេ ដោយ​ក្រោយមក​ទើប​មានការ​បញ្ជូន​ដំណឹង​បន្ត​ទៅ​កាន់​អាជ្ញាធរ​នៅ Menlo Park ។ យ៉ាងណា ខណៈ​នេះ គឺ​ស្ថានការណ៍​ជា​រួម កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​នៅឡើយ​ ៕