ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នាតាមដងផ្លូវ ប្រដាប់ដោយដំបង ដុំថ្ម និងខ្សែក្រវាត់ បណ្តាលឲ្យរងរបួសបែកក្បាល ចំនួន៣នាក់ក៏ត្រូវសមត្ថកិច្ច ចុះទៅអន្តរាគមន៍ចាប់ឃាត់ខ្លួន បានចំនួន៧នាក់និងដកហូតម៉ូតូប្រាំគ្រឿង កាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខស្ថានីយ ប្រេងឥន្ធនៈ តូតាល់ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់ថា មានក្មេងទំនើងពីរក្រុម មួយក្រុមមានគ្នាជិត១០នាក់ ប្រដាប់ដោយដំបង ដុំថ្មនិងខ្សែក្រវាត់ បានកំពុងតែដេញវាយតប់គ្នា នៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមៗនោះកម្លាំងពួកគាត់ ក៏ចុះទៅធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួន បានក្មេងទំនើងបានចំនួន៧នាក់ ក្នុងនោះ៣នាក់ រងរបួសបែកក្បាលឈាមហូរស្រោចខ្លួន និងដកហូតបានម៉ូតូ ប្រភេទម៉ូតូធំ ចំនួន៥គ្រឿង ដោយឡែកបក្សពួកប៉ុន្មាននាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល ខណៈពេលឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់។

ក្រោយពេលកើតក្រុមក្មេងទំនើងទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការចាត់ការជាបន្តទៀតនៅព្រឹកស្អែក៕