រាជធានី​ភ្នំពេញ ៖ ផ្សារ​រាត្រី​កុងតឺន័រ (Jet’s Container Night Market) បើក​ដំបូង​បង្អស់​នៅ​ក្នុង​ក្រុងភ្នំពេញ ដែល​មាន​ទីតាំង​ជិត​ស្ថានទូត​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​រុះរើ​តូប​ជា​បណ្តើរ​ៗ និង​បិទ​ជា​ស្ថាពរ​ហើយ ។

យោង​តាម​តំណាង​ក្រុមហ៊ុន​វិនិយោគ បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ ទីតាំង​ត្រូវ​បាន​រើ​ចេញ​ស្ទើរ​អស់​ទៅ​ហើយ មូលហេតុ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​បិទ​ផ្សារ​នេះ​គឺ​កត្តា​តម្លៃ​ជួល​ដី​កើនឡើង​ខ្ពស់ ។

យ៉ាងណាមិញ ក៏​មានការ​លើក​ឡើង​ថា នៅ​មុន​ពេល​បិទ​នេះ អាជីវកម្ម​លក់ដូរ​នៅ​ក្នុង​ផ្សារ​ក៏​កាន់តែ​ថយ​ចុះ ដោយ​ពុំ​សូវ​មាន​អតិថិ​ន​ដូច​កាលពីមុន រហូត​ដល់​អាជីវករ​ដែល​ជួល​ទីតាំង​ខាងលើ​បាន​រើ​សម្ភារ​របស់​ខ្លួន​ចេញ​ប្រហែល​ជិត​១​ខែ​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​ជូនដំណឹង​ពី​ការ​បិទ ។

សូម​បញ្ជាក់​ថា ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market គឺជា​ផ្សារ​រាត្រី​កុងតឺន័រ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ដំណើរការ​កាលពី​ជាង ២ ឆ្នាំ​មុន ដោយ​មាន​ហាង​លក់​ម្ហូបអាហារ ភេសជ្ជៈ បារ​ផឹកស៊ី​តូច​ៗ និង​វត្ថុ​អនុស្សាវរីយ៍ លក់​នូវ​សម្លៀក​បំពាក់ ចន្លោះ​ពី ២០០-៣០០ ហាង តូប និង​ស្តង់ ដោយ​ប្រើប្រាស់​ទូរ​កុងតឺន័រ​សរុប​ជាង​៨០ ។

បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ផ្សាយ​អោយ​ដឹង​ថា លោក ឆាយ សុ​ភ័​ណ្ឌ ប្រធាន​គ្រប់គ្រង​គម្រោង​របស់​ផ្សារ​រាត្រី កុងតឺន័រ Jet’s បាន​និយាយ​ថា ដោយសារ​តែ​កិច្ចសន្យាជួល​ដី​ត្រូវ​អស់ ស្រប​ពេល​ម្ចាស់​ដី​ដំឡើង​ថ្លៃ និង​មាន​បញ្ហា​ក្នុង​ការ​សុំ​ច្បាប់​មួយ​ចំនួន​នោះ ក្រុមហ៊ុន​ក៏​បាន​សម្រេច​បិទ​តែ​ម្តង ។

លោក​ថ្លែង​ថា ៖ «​តម្លៃ​ជួល​ដី អាច​និយាយ​ថា ជា​ហេតុផល​ចម្បង ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្តដំណើរ​ការ​បាន​តទៅ​ទៀត​» ។

លោក សុ​ភ័​ណ្ឌ បាន​បន្ត​ថា​៖ «​ក្រុមហ៊ុន​កំពុង​រុះរើ​សម្ភារ ដែល​មាន​ក្នុង​ទីតាំង​ខាងលើ យក​ទៅ​ទុក​នៅ​តំបន់​វិហារ​សួគ៌ ដែល​ជាទី​តាំង​ផ្ទាល់​របស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​មាន​ផែនការ​អភិវឌ្ឍ​តំបន់​វិហារ​សួគ៌​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ដ៏​ល្អ​ប្រកបដោយ​ប្រណីតភាព​បំផុត​»​។

លោក លី រតនៈ​អ្នកគ្រប់គ្រង​ហាង Beer Market បាន​ប្រាប់​ថា លោក​បាន​ជួល​ទីតាំង​នេះ ក្នុង​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​បន្ទាប់​ពី​ចំណាយពេល​រៀបចំ​ហាង និង​បើក​លក់​បាន​៦-៧ ខែ ក្រុមហ៊ុន​ក៏​បាន​ជូនដំណឹង​ពី​ការ​បិទ​តែ​ម្តង​។

នៅ​មុន​ជួល​ទីតាំង​ខាងលើ ក្រុមហ៊ុន​ប្រាប់​លោក​ថា ក្រុមហ៊ុន​បាន​បន្ត​កិច្ចសន្យាជួល​ដី​ជាមួយ​ម្ចាស់​ដី​រួចរាល់​ហើយ ។

លោក​ថ្លែង​ថា​៖«​ហេតុផល​ចម្បង​ដែល​ក្រុមហ៊ុន​ប្រាប់​ពី​ការ​បិទ​ផ្សារ គឺ​មានការ​ប្តឹង​ពី​ស្ថានទូត​រុ​ស្ស៊ី ពី​សំឡេង​រំខាន ។ ការ​បិទ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ប្រាក់​ជា​ច្រើន​»​។

លោក រតនៈ បាន​លើក​ឡើង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ឮ​ព័ត៌មាន​ថា ទីតាំង​នេះ​នឹង​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ជា​អគារ​លក់ទំនិញ​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ ផ្សារ​រាត្រី​កុងតឺន័រ មាន​ទំហំ​ជិត​២​ហិ​កតា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប របស់​លោក គិត ម៉េ​ង ហើយ​ត្រូវ​បាន​ក្រុមហ៊ុន Jet Group របស់​លោក​ឧកញ៉ា ស្រី ចាន់​ថន ជួល​យក​មក​បើក​ជា​ផ្សារ​រាត្រី Jet’s Container Night Market ។

របាយការណ៍​ស្រាវជ្រាវ​តម្លៃ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ ប្រចាំឆមាស​ទី ១ របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀល​អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ទីតាំង​ខាងលើ​មាន​តម្លៃ​ចន្លោះ​ពី ៣,៥០០ ដុល្លារ​ទៅ​ដល់ ៦,០០០ ដុល្លារ​ក្នុង១ម៉ែត្រការ៉េ ៕