ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សិស្ស​នៅ​វិទ្យាល័យ​«​ថ្មគោល​» បាន​ដួល​សន្លប់​ទៀត​ហើយ ដោយ​លើក​នេះ​មាន​សិស្ស​ជិត​២០​នាក់​ទៀត​(​សិស្ស​ស្រី​) បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ នេះ ហើយ​ក៏​អត់​ដឹង​ពី​មូលហេតុ នៃ​ការ​ដួល​សន្លប់​ដដែល នេះ​ដែរ ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ នៅ​ឯ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ស្ថិត​នៅ​ក្នុង​វិទ្យាល័យ «​ថ្មគោល​» ទើបតែ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ជា​ច្រើន ចុះ​ទៅ​រៀបចំ​ការ​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បរិភោគ​ចំណីអាហារ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព ។

ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ចំណីអាហារ ដែល​មាន​គណ​ក​ម្មា​ការ​ចម្រុះ មាន​មន្ត្រី​កាំកុងត្រូល​ខេត្ត សុខាភិបាល​ខេត្ត និង​ជំនាញ​ជុំវិញ​ស្រុក មាន​សិស្ស​ចូលរួម​ចំនួន ១៣៦០​នាក់ ក្នុង​នោះ​ស្រី​៧០៣​នាក់ ក្រោយ​ពី​បញ្ជ​ប់​ការ​ផ្សព្វផ្សាយ​ភ្លាម សិស្ស​បាន​រំសាយ ស្រាប់តែ​មានការ​ដួល​សន្លប់​សិស្ស​ប្មា​ណ​ជាង​១០​នាក់ តែ​ម្តង​។

មូ​លេ​ហេតុ​ជាបឋម​របស់​គ្រូពេទ្យ ប្រាប់​ថា សិស្ស​ទាំងនោះ ខ្វះ​ជាតិ​កាល់ស្យូម សង្ស័យ​អាច​សិស្ស​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត , បរិយាកាស​ក្នុង​សាលា និង​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ ។ ប៉ុន្តែ​ប្រភព​នានា​និយាយ​ថា វា​ដូច​ជា​ចម្លែក​ណាស់ ករណី​សិស្ស​ដួល​សន្លប់​ជា​បន្តបន្ទាប់ មិន​សម​ចឹ​ង​ទេ ។ តែ​ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់​កំណត់​ជា​ផ្លូវការ​ច្បាស់លាស់​នៅឡើយ​ទេ ។

សូម​រម្លឹក​ថា នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ​ថ្មគោល ស្ថិត​ក្នុងស្រុក​ថ្មគោល សុខ​ៗ​សិស្សានុសិស្ស​ប្រមាណ​ជា​៦៧​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ​បង្ក​ការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយ​មិនដឹង​មូលហេតុ ។

គេ​នៅ​មិន​ទាន់​មូលហេតុ​ពិត ក្នុង​ករណី​ដែល​នាំ​អោយ​សិស្សសាលា​ទាំងនោះ​ដួល​សន្លប់​នៅឡើយ​ទេ ដោយ​ជំ​ហ៊ាន​ដំបូង ខាង​ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា គឺ​អាច​បណ្តាល​មក​ពី ពួក​គាត់​ខំរៀន​លើស​កម្លាំង ហូប​ទឹក​មិន​គ្រប់​គ្រាប់ និង​មួយវិញទៀត ទទួល​សម្ពាធ​ស្រុក​យើង​អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​ធ្វើ​ឲ្យ​មាន​អាកា​រៈ​ដួល​សន្លប់​ត​ៗ​គ្នា​ដូច្នេះ ។

សិស្សានុសិស្ស​ទាំងអស់​នោះ ក្រោយ​ពី​បញ្ជូន​មក​សង្គ្រោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ រហូត​មក​ដល់​ពេល​នេះ មួយ​ចំនួន​ធំ​បានជា​សះស្បើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​ហើយ និង​មួយ​ចំនួន​តូច​នៅ​បន្ត​សម្រាក​នៅ​ឯ​មន្ទីរពេទ្យ​នៅឡើយ  ៕