ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ តែងតាំង លោក ទៀ សីហា ជា​អភិបាលខេត្ត​សៀមរាប ជំនួស​លោក ឃឹម ប៊ុ​ន​សុង ដែល​ចូល​និវត្តន៍​។

លោក ទៀ សីហា ដែល​ជា​កូន​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា អភិបាលរង​ខេត្តសៀមរាប កាលពី​ខែសីហា ឆ្នាំ​២០១៧ ។

សូម​ជម្រាប​ថា លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តម្លើង​ឋានន្ដរស័ក្ដិ​ថ្នាក់ នាយ​ឧត្តមសេនីយ៍ និង​តែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចូល​និវត្តន៍ ពី​អភិបាលខេត្ត​សៀមរាប ។

ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពិធី​ប្រកាស​តែងតាំង នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕