ខេត្តក្រចេះ ៖ លោកស្រី អ៊ិ​ន ម៉ា​និត្យ ប្រធាន​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ដាក់​ពន្ធនាការ ក្រោម​បទចោទប្រកាន់ «​ពី​បទ​បង្កើត​ឡ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​ផល​អនុ​ផល​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​» តាម​បទ​បញ្ញា​តិ្ត​មាត្រា​៥៨ ចំណុច​១ និង​មាត្រា​៦១ ចំណុច​២ នៃ​ច្បាប់​ស្ដី​ពី​ដំបន់ការពារធម្មជាតិ ប្រព្រឹត្ត​នៅ​ចំណុច​ត្រពាំង​ត្រាច ស្ថិត​នៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។

លោក ឌួ​ង ឆាយ​សា​វុ​ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​បើក​ទីតាំង​កែ​ច្នៃ​ផល​អនុ​ផល​ព្រៃឈើ ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ជនសង្ស័យ​ចំនួន​៤​នាក់ មាន​ជនជាតិ​វៀតណាម​ម្នាក់ ជា​មេការ នៅ​ទីតាំង​ធ្វើ​អាជីវកម្ម​សិប្បកម្ម​ឡធ្យូង​ខុសច្បាប់ និង​ចំនួន​៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួន​បាន ខណៈ​បម្រុង​ដឹក​ជញ្ជូន​ធ្យូង​នាំ​ឆ្លង​ដែន​ទៅ​វៀតណាម ។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់ បាន​សារភាព និង​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មាន​ពាក់ព័ន្ធ​នឹង​បើក​ធ្វើ​អាជីវកម្ម​កែ​ច្នៃ​ផល​អនុ​ផល​ព្រៃឈើ ដោយ​គ្មាន​ច្បាប់ ។

សូម​ជម្រាប​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ សហកា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​មន្ត្រី​បរិស្ថាន​ខេត្ត បាន​បិទ​ទីតាំង​ឡធ្យូង​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ឡធ្យូង​ខាងលើ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្នុង​នោះ មាន​ជនជាតិ​វៀតណាម​ម្នាក់ ព្រមទាំង​រឹបអូស​បាន​ខ្យូ​ង​បាន​ចំនួន​១៥​តោន ប្រគល់​ឲ្យ​ទៅ​ខាង​មន្ត្រី​បរិស្ថាន ដើម្បី​រក្សា​ទុក ។

លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​រាយការណ៍​ថា ការ​បង្ក្រាប​ឡធ្យូង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​របស់​លោក​ស្ទាក់​ចាប់​បាន​រថយន្ត​មួយ​គ្រឿង ដឹក​ធ្យូង​ចំនួន​១៣​តោន ក្នុង​ទិស​ដៅ​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ។

បើ​តាម​សមត្ថកិច្ច​នៅ​ស្រុក​ស្នួល បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​ឡធ្យូង​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​ចាប់តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ មក​ម្ល៉េះ ហើយ​ឈើ​ដែល​គេ​កាប់​យក​មក​ប្រើ​នោះ សុ​ទ្ឋ​តែ​ជា​ឈើ​មិន​គ្រប់​អាយុ ដែល​កាប់​ចេញពី​តំបន់​ដែន​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ។

ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជុំវិញ​សកម្មភាព​នៃ​ការ​កាប់​អុស​ឈើ​តូច​ៗ​ចូល​ឡធ្យូង​លើ​នេះ គឺ​ហាក់​មាន​ភាព​មិន​ប្រក្រតី ដោយសារ​មានកា​បើក​ឲ្យ​កម្មករ​វៀតណាម នៅ​បម្រើ​ការ​ក្នុង​ទីតាំង​មួយ​នេះ ។

ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​ថា ទីតាំង​សិប្បកម្ម​ឡធ្យូង​នេះ គឺជា​តំបន់​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ហើយ​ឡធ្យូង​មាន​ចំនួន​១២​ឡ​ធំ​ៗ ដែល​កន្លង​មក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក៏​បាន​ធ្វើ​កិច្ចសន្យា​ម្ដង​រួច​មក​ហើយ ឲ្យ​ម្ចាស់​ទីតាំង​សិប្បកម្ម​នេះ​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ឈើ ដើម្បី​យក​មក​ផលិត​ធ្យូង ។

ប្រតិកម្ម​ចំពោះ​ការ​បិទ​ឡធ្យូង​នេះ លោក ដួង ឆាយ​សា​វុ​ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​បកស្រាយ​ថា សិប្បកម្ម​ឡធ្យូង មួយ​កន្លែង​នេះ ពិតជា​នៅ​ក្នុង​រង្វង់​ផែនទី​របស់​ដែនជម្រកសត្វព្រៃ​ពិតប្រាកដ​មែន រួម​ទាំង​នៅ​ជិត​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​សួន​អាពាហ៍ពិពាហ៍​ឃ្សឹ​ម​ផង​ដែរ ប៉ុន្តែ​មិន​គួរ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​មន្ទីរ​បរិស្ថាន​តែ​ម្នាក់ឯង​នោះ​ទេ ។

មនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​ប្រតិបត្តិការ​បង្ក្រាប​នេះ មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ហូ សឹង​តឿ​ង អាយុ​៣២​ឆ្នាំ និង​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ឈ្មោះ គាំ សុ​បិ​ន្ដ អាយុ​៣២​ឆ្នាំ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដើម្បី​រៀបចំ​បែបបទ​យក​ទៅ​ដាក់គុក ។

យោង​តាម​ប្រភព​ច្បាស់​ការណ៍​ជា​ច្រើន បាន​បង្ហើប​ឲ្យ​ដឹង​ថា ឡធ្យូង​មួយ​នេះ ក្រោម​ការ​ជ្រោមជ្រែង​ពី​មន្ត្រី​មាន​អំណាច​ខ្លះ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ឈើ​យក​មក​ផលិត​បាន​ធ្យូង ជា​យូរណាស់​មក​ហើយ ដើម្បី​យក​ធ្យូង​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម ចំណែក​ការណ៍​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ នាំ​គ្នា​យ៉ាងច្រើន ទៅ​បិទ​ឡ​ផលិត​ធ្យូង​នេះ ដោយសារ​មាន​ទំនាស់​ផ្ទៃក្នុង​រវាង​មន្ត្រី​ពាក់ព័ន្ធ ក្រោយ​ពី​ចែក​ប្រយោជន៍​គ្នា មិន​ស្មើ ៕