Home ព័ត៌មានជាតិ

និមន្ត​ព្រះ​អនុគណ​ស្រុក​ព្រៃ​នប់ មក​ជួយ​ពិនិត្យ ទើប​ដឹង​ថា ជា​ស​ង្ឃក្លែងក្លាយ


ក្រុងព្រះសីហនុ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្រោយ​ពី​ពួក​គេ​បាន​ក្លែងបន្លំ​ជា​សង្ឃ ស្នាក់​នៅផ្ទះ​សំណាក់ ហ្វី​លី​តា ស្ថិត​ក្នុងភូមិ​អូរ​តា​ប៉ា​ង អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បានអោយ​ដឹងថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ កម្លាំង​នគរបាល​ស្រុក បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់ ដោយ​ត្រួតពិនិត្យ​ជាក់ស្តែង​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​ជនសង្ស័យ​ទាំង​៥​នាក់ កំពុង​ស្នាក់​នៅ ឃើញ​ជនសង្ស័យ​គ្រង​ជាស​ង្ឃ រួម​ទាំង​មាន​វត្ថុ​តាំង​ពាក់ព័ន្ធ​សារធាតុ​ញៀន​មួយ​ចំនួន​ផង​នោះ នគរបាល ក៍បាន​នាំ​មក​កាន់​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

លោក​អធិការ ក៏​បាន​និមន្ត ព្រះ​តេជគុណ ឈឹ​ម យុ​ត្ត ព្រះ​អនុគណ​ស្រុក​ព្រៃ​នប់ ឲ្យ​ចូលរួម​ពិនិត្យ និង​សួរនាំ ទើប​ដឹង​ថា ជា​ជន​ក្លែងបន្លំ​ធ្វើ​ជាស​ង្ឃ ។

ជន​កំហូច​៥​នាក់ ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ ដើរ​បិណ្ឌ​បាត្រ ឬ​រៃ​អង្គាសប្រាក់​ពី​ពុទ្ធបរិស័ទ យក​មក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ និង​ទិញ​គ្រឿងញៀន ប្រើប្រាស់ មាន​ចំនួន​នាក់ ៖ ទី​១.​ឈ្មោះ សូវ មិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ២.​ឈ្មោះ សុខ រស្មី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣.​ឈ្មោះ មាស សី​រ៉ា​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤.​ឈ្មោះ ជី ភ​ក្ត្រ័ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង ៥.​ឈ្មោះ ខាត យន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ។

សម្ភារៈ​ដកហូត​បាន​រួម​មាន ស្បង់​ចីវរ​ចំនួន​៥​សម្រាប់ និង​បាត្រ​ចំនួន​៣ និង​សម្ភារ​ប្រើប្រាស់​គ្រឿង ញៀន​មួយ​ចំនួន​ទៀត ។ ក្រោយ​ឃាត់ខ្លួន​ជន​ក្លែង​ធ្វើ​សង្ឃ ទាំង​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សម្រេច​តាម​ច្បាប់ ៕