Home ព័ត៌មានជាតិ

Update៖ រកឃើញមូលហេតុ ដែលបណ្ដាលឳ្យសិស្សសាលាថ្មគោលជាច្រើននាក់ដួលសន្លប់ មិនមែនមកពីជនជាតិចិនចុះទៅចាក់ថ្នាំឡើយ


បាត់ដំបង៖ ករណីសិស្សសាលាវិទ្យាល័យដួលសន្លប់ នៅតែជាព័ត៌មានក្ដៅមួយដែលប្រជាពលរដ្ឋរង់ចាំតាមដាន ចង់ដឹងអំពីមូលហេតុ ខណៈដែលមានប្រជាពលរដ្ឋខ្លះសង្ស័យបណ្ដាលមកពីក្រុមចិនចុះមកចាក់ថ្នាំ កាលពី ៥-៦ថ្ងៃមុន ប៉ុន្តែជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ធ្នូ ២០១៨ នេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអប់រំបានចុះបន្តការស្រាវជ្រាវ រហូតទទួលបានលទ្ធផលដូចខាងក្រោម៖

១.បរិយាកាសសាលា និងថ្នាក់រៀន៖ បន្ទប់រៀនមានកង្ហារ និងបរិយាកាសល្អ ប៉ុន្តែដាក់សិស្សច្រើនលើសពី ៥០នាក់ ក្នុងមួយថ្នាក់ ។
២.ការបរិភោគ និងភេសជ្ជៈ៖ ការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន ដូចជា ស្ទីង ខារ៉ាបៅ សាម៉ូរ៉ៃ… មិនបានហូបបាយពេលព្រឹក និងហូបបាយពេលថ្ងៃត្រង់ដល់ម៉ោង១ ឬសិស្សខ្លះមិនបានហូប…។
៣.ការសម្រាក៖ ថ្ងៃជាប់រៀនរហូត ពេលយប់មិនសូវបានសម្រាក មានរៀននៅផ្ទះពេលយប់ដោយខ្លួនឯង និងសិស្សខ្លះមានលេងហ្វេសប៊ុក…។
៤.ការសាកសួរសិស្សដែលមានបញ្ហា៖
ក.សិស្សទី១៖ ធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្ត ទៅរកសេវា លេបថ្នាំ Amitryptiline ប៉ុន្តែគ្រូពេទ្យឯកទេសវិកលវិទ្យាបានសន្និដ្ឋានបឋមថាមានបញ្ហា៖ Epilepsie petie male ដែលត្រូវបន្តតាមដាន និងព្យាបាលឱ្យបានត្រឹមត្រូវឡើងវិញ ។
ខ.សិស្សទី២៖ ធ្លាប់ស្វែងរកសេវា តែមិនបានព្យាបាលត្រឹមត្រូវ ដែលពេលនេះគ្រូពេទ្យឯកទេសវិកលវិទ្យាបានសន្និដ្ឋានបឋមថាមានបញ្ហា Panic disorder គឺវិបត្តិភ័យស្លន់ស្លោ បណ្តាលពីមាន Trauma គឺពេលជួបព្រឹត្តិការណ៍ចម្លែក ឬភ័យខ្លាច នាំឱ្យសន្លប់…។

ដើម្បីបញ្ចៀសនូវការកើតមានករណីដូចខាងលើនេះ ក្រុមគ្រូពេទ្យនឹងចុះអប់រំដោយផ្ទាល់នៅសាលាវិទ្យាល័យថ្មគោល ដោយកំណត់ថ្ងៃទី១១ ធ្នូ ២០១៨ ហើយជំហានបន្ទាប់ក្រុមគ្រូពេទ្យ នឹងបន្តអប់រំទៅសលាផ្សេងទៀតដោយសហការជាមួយមន្ទីរអប់រំ និងសាលានីមួយៗផងដែរ
ជាមួយគ្នានេះ មន្ទីរសុខាភិបាលស្នើឱ្យសាលាពិនិត្យការលក់ដូរនៅសាលា និងបន្តអប់រំពន្យល់សិស្សឱបានច្បាស់ពីការសិក្សា និងការបរិភោគអាហារដែលចាំបាច់មន្ទីរអប់រំបានឱ្យផ្អាកបង្រៀន ២-៣ថ្ងៃ និងផ្អាកបង្រៀនក្រៅម៉ោង ចំនួន ១០ថ្ងៃ ៕

សហការី KBN
ផ្ដល់សិទ្ធដោយ៖ Bunreth Wen Ben Lee