ព្រះ​សីហ​នុ ៖ បរិស្ថាន​នៅ​មាត់សមុទ្រ​ខ្មែរ​បច្ចុប្បន្ន ក្នុង​ក្រុងព្រះសីហនុ នៅ​តែ​ចោទ​ជា​បញ្ហា​មិន​ឈប់ ខណៈ​ឆ្នេរសមុទ្រ​ខ្មែរ​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក តែ​ផ្ទុយ​ទៅ​វិញ ឆ្នេរ​ខ្សាច់​ដ៏​ស​ស្អាត និង​ទឹកសមុទ្រ​ដ៏​ថ្លាយង់ កំពុង​ត្រូវ​បាន​បំពុល​ដោយ​ទឹក​កខ្វក់ មាន​ក្លិនស្អុយ​អសោច ហូរ​មក​ពី​គ្រប់​ទិស​ទី បាន​បង្ហូរ​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជា​ប្រចាំ នៅ​ត្រង់​ចំណុច ចន្លោះ​ឆ្នេរ​ស​ណ្ឋា​រ​គារ​អូរ​តែ​ល​សុខា និង​សណ្ឋាគារ​ស៊ី​ហ៊ូ ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ។

ការ​បង្ហូរទឹក​ស្អុយ​នេះ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ទឹក​សម្អុយ​មាន​ពណ៌​ខ្មៅ ពោរពេញ​ដោយ​ពពុះ បាន​ហូរ​ចូល​សមុទ្រ​ជា​រៀងរាល់ថ្ងៃ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​យ៉ាង​អាក្រក់​រក​អ្វី​ប្រៀប​មិន​បាន ។

ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន ដែល​មក​លេង​កម្សាន្ត ក្នុង​ក្រុងព្រះសីហនុ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ ទៅ​លើ​គណៈកម្មការ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ ថា គ្មាន​ការ​ទប់ស្កាត់ ទឹក​សម្អុយ​ដែល​បង្ហូរ​ចូល​សមុទ្រ គឺ​បាន​បំពុលបរិស្ថាន ហើយ​វា​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ ដល់​វិស័យ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រោះ​ដំណើរ​កម្សាន្ត​មក​ខេត្ត​ព្រះ​សីហ​នុ មនុស្ស​ម្នាក់​ៗ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ចុះ​ងូត​លេង​កម្សាន្ត​ទឹកសមុទ្រ​ដ៏​ថ្លាយង់ ប៉ុន្តែ​បើ​ទឹកសមុទ្រ​គ្មាន​អនាម័យ តើ​មាន​ភ្ញៀវ​ណា​គេ​ចង់​មក​លេង​ទៀត ? នេះ​ជា​បញ្ហា​មួយ​ដែល​ថ្នាក់ដឹកនាំ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ គួរ​ពិចារណា​ឡើង​វិញ ។

បញ្ហា​ទឹក​សម្អុយ​ខាងលើ​នេះ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ គឺ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ កន្លង​មក​មិន​ទាន់​មានការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ទឹក​សម្អុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​នោះ បាន​ហូរ​ចូល​សមុទ្រ​ទៅ​ផុត​ៗ​តែ​ម្តង ។

ប៉ុន្តែ​សម្រាប់​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​សណ្ឋាគារ​ស៊ី​ហ៊ូរ ធ្វើ​ផែ​ទូក បិទ​ចំ​ច្រក​ទឹក​ហូរ​ធ្វើ​ឲ្យ​ទឹក​សម្អុយ ធ្វើ​អោយ​ទឹក​សម្អុយ​បាន​ច្រាល​បុក​មក​ឆ្នេរ​ខ្សាច់ ដែល​ហូរ​ចាក់​ចូល​សមុទ្រ​មិន​ទៅ​មុខ​រួច នៅ​ហូរ​វិលវល់ មិន​ទៅ​មុខ​មិន​ទៅ​ក្រោយ បែរជា​បាចសាច​ពេញ​លើ​ឆ្នេរសមុទ្រ កន្លែង​ភ្ញៀវ​ទេសចរ​ចុះ​លេង​ទឹក​យ៉ាង​ពេញបន្ទុក​តែ​ម្តង ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្ពើម​មិន​អាច​លេង​ទឹកបាន ។

លោក សា​មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួលស្គាល់​ថា ពិតជា​មាន​បញ្ហា​នេះ​កើតឡើង​មែន ។

លោក​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ទឹក​សម្អុយ​នេះ ខាង​ក្រសួង​ដែនដី បាន​ចុះ​មក​ធ្វើ ការ​សិក្សា នឹង​ចាប់ផ្តើម​ធ្វើ​អាង​ចម្រោះ​ហើយ ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​សម្អុយ​ហូរ​ចូល​សមុទ្រ​បន្ត​ទៀត​ទេ ។ ដូចនេះ នៅ​ពេល​អាង​ចម្រោះ​កសាង​រួចរាល់ ឆ្នេរសមុទ្រ​ខាងលើ នឹង​ល្អ​ប្រសើ​វិញ​ហើយ ៕