ខេត្តកំពត៖ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនៅតំបន់ទឹកឈូបានរាយការណ៍ថា មន្ត្រីយោធាម្នាក់ ឈ្មោះ អាំ ផល្លីន ដែលជាម្ចាស់រម្មនីយដ្ឋាន ទឹកជ្រោះ៩ជាន់ ដែលស្ថិតនៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានបាញ់ជាច្រើនគ្រាប់ ហើយដុតបំផ្លាញផ្ទះ និងបឹងកាឡូរបស់ខ្លួន អស់ជាច្រើន ។

ប្រភពព័ត៌មានបានបន្តថា ក្រោយពីបង្កហេតុរួច មន្ត្រីយោធាខាងលើនេះ ដែលមានឋានន្តរស័ក្តិវរសេនីយ៍ឯក សក្តិ៥ បានរត់គេចខ្លួនបាត់ស្រមោល ។

យោងតាមរបាយការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក អាំ ផល្លីន បានដុតផ្ទះដែលជារម្មនីយដ្ឋានទឹកជ្រោះ៩ជាន់របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះសម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅ អស់ចំនួន៨ខ្នង ផ្ទះវីឡា១ខ្នង សាលប្រជុំ១ រោងបាយ១ ភោជនីយដ្ឋាន២ ខ្យូសចំនួន២៥ និងសម្ភារៈមួយចំនួនធំ នៅនិងកន្លែងកើតហេតុផ្ទាល់តែម្តង ។

ក្រោយពីការដុតបំផ្លាញទ្រពសម្បត្តិរបស់ខ្លួនរួច លោក អាំ ផល្លីន ដែលជាមន្ត្រីបំរើការងារនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក៏បានបាញ់អស់ជាច្រើនគ្រាប់ផងដែរ មុននិងគេចខ្លួនបាត់ស្រមោល ហើយក្រោយពីកើតហេតុ ប្រពន្ធរបស់លោក អាំ ផល្លីន បានធ្វើការដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដោយបានរៀបរាប់រឿងរ៉ាវយ៉ាងលម្អិតនៅក្នុងហេតុការណ៍ខាងលើនេះផងដែរ ៕