បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ថា នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​​ចិនមួយឈ្មោះ ហួរ​វ៉េ «Huawei» ត្រូវ​បាន​ចាប់​ឃាត់ខ្លួន នៅ​ប្រទេស​កា​ណា​ដា និង​ប្រឈម​ការ​ធ្វើ​បត្យាប័ន​ទៅ​កាន់​អា​មេ​រិ​ក ជា​ហេតុ​នាំ​អោយ​មានការ​ប្រឆាំង​តវ៉ា​ជា​ខ្លាំង ពី​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង និង​ទាមទារ​អោយ​ដោះ​លែង​លោកស្រី​ជា​បន្ទាន់ ។

លោកស្រី ម៉េ​ង វ៉ា​ន​ចូ​វ (Meng Wanzhou) ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ត្រូវជា​កូនស្រី​ម្នាក់​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei គឺ​លោក រិ​ន ចេ​ង​ហ្វៃ (Ren Zhengfei) ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង វែ​ន​ខូ​វើ (Vancouver) កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ​កន្លង​ទៅ ពី​បទ​សង្ស័យ​ថា បាន​រំលោភ​បំពាន​លើ​ទណ្ឌកម្ម​អា​មេ​រិ​ក​ប្រឆាំង​អ៊ី​រ៉​ង់ ។

ស្ថានទូត​ចិន​ប្រចាំ​ក្រុង​អូ​តា​វ៉ា ប្រទេស​កា​ណា​ដា បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​កា​ណា​ដា ដោះ​លែង ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​តប​តាម​សំណើ​របស់​សហរដ្ឋអាមេរិក កា​ណា​ដា​បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ម្នាក់ ដែល​មិន​បាន​រំលោភ​លើ​ច្បាប់​អា​មេ​រិ​ក ឬ​កា​ណា​ដា​ទាល់តែ​សោះ​… ដូច្នេះ​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ដែល​រំលោភ និង​បំផ្លាញ​សិទ្ធិ​មនុស្ស​របៀប​នេះ ក៏​ដូច​ជម្រុញ​ឱ្យ​ភាគី​កា​ណា​ដា ដោះ​លែង​ពលរដ្ឋ​ចិន​ជា​បន្ទាន់​» ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក បាន​និ​យា​យា​ថា​«​លោកស្រី ម៉េ​ង ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​០១​ធ្នូ​។​លោកស្រី​ត្រូវ​បាន​ស្នើ​សុំ​អោយ​បញ្ជូន​ខ្លួន​មក​អា​មេ​រិ​ក ។​និង​សវនាការ​ធានា​ខ្លួន នៅ​ក្រៅ​ឃុំ​មួយ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​» ៕