រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រីមានចំនួន៣៨នាក់ ត្រូវបានអគ្គនយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្តេញ ឲ្យត្រលប់ទៅស្រុកកំណើតវិញ ក្រោយពីឆែកឃើញថា ពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ហើយបានប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅខេត្តតាកែវ ។

ជនជាតិចិនសរុប ២៣២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍បញ្ជូនទៅប្រទេសចិនវិញ តាមជើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។

យោងតាមការឲ្យដឹង ពីឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបាននិយាយថា ជនជាតិចិនទាំង២៣២នាក់ មានស្រី៣៨នាក់ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា និងបានប្រព្រឹត្តបទល្មើស ជម្រឹតតាមប្រព័ន្ធអុីនធឺណេត ហើយត្រូវបានកងសន្តិសុខប្រទេសចិន រួមសហការជាមួយ នាយកដ្ឋានបរឆាំងភេវកម្មនិងឧក្រិតកម្មឆ្លងដែន សមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ស្រាវជ្រាវបង្ក្រាបចាប់ខ្លួន បានកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក នៅក្នុងខេត្តតាកែវ បានចំនួន៤គោលដៅផ្សេងគ្នា ក្នុងនោះបង្ក្រាបបាននៅក្នុងស្រុកត្រាំកក់ ចំនួន២កន្លែង និងស្រុកបាទី ចំនួន២កន្លែង ។

បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យខាងលើត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដោយរួមសហការជាមួយកងសន្តិសុខរបស់ប្រទេសចិន ធ្វើការចាត់បញ្ជូនឲ្យត្រលប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដោយជើងហោះហើររបស់ប្រទេសចិនតែម្តង ៕