ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ផេក Royal du Cambodge បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានយាងប្រោសប្រទាន ធូបទាន កម្រងផ្កា ជូនចំពោះអដ្ឋិធាតុ របស់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner និងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសង្ឈទានឧទ្ទិសកុសល ចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner នៅក្នុងបរិវេណមន្ទីរពេទ្យកុមារគន្ធបុប្ផា នៃខេត្តសៀមរាប។

គួររំលឹកផងដែរថា មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស មានការសោកស្តាយនូវការបាត់បង់ វីរបុរសដែលបានជួយក្មេងៗកម្ពុជា ជាច្រើនលាននាក់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់បំផុតមួយ ដោយសារតែលោក គឺជាជនជាតិស្វីស តែលោកបានចំណាយពេលវាយលា បូជាកម្លាំងកាយ និងកម្លាំងចិត្តស្ទើរតែកន្លះជីវិតរបស់លោក ដើម្បីជួយកុមារកម្ពុជាទូទាំងប្រទេស ដោយមិនគិតពីការនឿយហត់នោះឡើយ ។

សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕