ភ្នំពេញ ៖ ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​រវាង​ជន​ស្លៀកពាក់​ស៊ី​វិល និង​ក្រុម​សមត្ថកិច្ច​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នោះ រង​របួស​បាក់​ភ្លៅ កាលពី​ថ្ងៃ​ទី​០៤ ធ្នូ ២០១៨ នោះ នៅ​ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ជន​ស៊ី​វិល​រូប​នោះ​ហើយ គឺជា​មន្ត្រី​យោធា នៅ​បញ្ជាការ​កង​អង្គរក្ស និង​ត្រូវជា​កូន​ឧត្តមសេនីយ​យោធា​ផ្កាយ​បី ម្នាក់​ផង​ដែរ ។

ជន​ស៊ី​វិល​ដែល​រង​របួស​ដោយ​សមត្ថកិច្ច​បាញ់​នោះ មានឈ្មោះ ឯ​ល ស៊ឹ​មសុ​ភ័ក្ត្រ មុខរបរ​ជា​មន្ត្រី​យោធា​ស័ក្តិ​បី (​អនុ​សេនីយ​ន៌​ឯក​) នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​។

គួរ​រម្លឹក​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រដេញ​តាម​យ៉ាង​ប្រកិត និង​ព្យាយាម​ឃាត់​ឱ្យ​ឈប់ ប៉ុន្តែ​មិន​ព្រម​ឈប់ ចេះ​តែ​ព្យាយាម​រត់គេច និង​ថែម​ទាំង​ដក​កាំភ្លើង​ប្រុង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ដើម្បី​រំដោះខ្លួន​ទៀត ភ្លាម​នោះ សមត្ថកិច្ច​ក៏​សម្រេច​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ចំ​ភ្លៅ​១​គ្រាប់ ទើប​រត់​លែង​រួច ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ ។

ហេតុការណ៍​បង្ក្រាប​ជនសង្ស័យ​ខាងលើ​នេះ មិន​ទាន់​ដឹង​ថា ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ តែ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទល់មុខ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ថា ដេញ​តាម​តាំងពី​ចំណុច​ណា និង​ពាក់ព័ន្ធ​បទល្មើស​អ្វី​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រដេញ​តាម​ប្រមាញ់​យ៉ាង​ប្រកិត ហើយ​ជនសង្ស័យ​រូប​នេះ មាន​កាំភ្លើង និង​បម្រុង​នឹង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ទើប​កម្លាំង​សមត្ថកិច្ច​បាញ់​ចំនួន​៣​គ្រាប់ ត្រូវ​ចំ​ជើង​ជនសង្ស័យ​ចំនួន​១​គ្រាប់ បណ្តាល​ឱ្យ​បាក់ជើង​នៅ​នឹង​កន្លែង​តែ​ម្តង ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា គេ​ឃើញ​សមត្ថកិច្ច​បាន​ប្រដេញ​តាម​ជនសង្ស័យ​ខាងលើ លុះ​មក​ដល់​ចំណុច​ទល់មុខ​ផ្សារ​ដី​ថ្មី ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​បម្រុង​បាញ់​តដៃ​ជាមួយនឹង​សមត្ថកិច្ច ដើម្បី​រំដោះខ្លួន តែ​ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បាញ់​ចំនួន​៣​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ជនសង្ស័យ​១​គ្រាប់ ធ្លាយ​ភ្លៅ​នៅ​នឹង​កន្លែង រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ដោយ​សែង​ដាក់​រថយន្ត​ដឹក​ចេញ​ទៅ​បាត់​តែ​ម្តង ។

ដោយឡែក លោ​កឯល ស៊ឹ​មសុ​ភ័ក្ត្រ ដែល​ជា​ជន​រង​គ្រោះ ត្រូវ​ក្រុម​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​នោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ថា លោក​មិន​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដូច​ជា​ការ​លើក​ឡើង​របស់​ក្រុម​ប៉ូលិស​នោះ​ទេ ។ ហើយ​នៅ​ពេល​បាញ់​ត្រូវ​ភ្លាម ខ្លួន​ចង់​ប្រាប់​ថា ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​គេ​មិន​ស្តាប់ វ៉ៃ​យក​ៗ និង​ចាប់​ដាក់​ខ្នោះ​ថែម​ទៀត ។ ចំណែក​កាំភ្លើង​របស់​គាត់ ម៉ា​កឡុក​៩៨ មាន​១២​គ្រាប់ ។

នៅ​ពេល​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ពាក្យបណ្តឹង​ទៅ​សម្តេច​ក្រឡ​ស​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​តុលាការ ផង​ដែរ ករណី​ក្រុម​ប៉ូលិស​បាន​បាញ់​ជន​រង​គ្រោះ​បាក់​ភ្លៅ ដើម្បី​រក​យុត្តិធម៌ និង​យក​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

យ៉ាងណា អ្នក​សារព័ត៌មាន​យើង មិន​អាច​ទាក់ទង​ទៅ​សមត្ថកិច្ច​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ បាន​នៅឡើយ ប៉ុន្តែ​យើង​ស្វាគមន៍​ការ​បកស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕

​ខាងក្រោមនេះ វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់ លោក សាន្ត ប៊ុ​ន​ធឿ​ន ដែល​បាន​ធ្វើការ​សម្ភាស៍​ផ្ទាល់​ជាមួយនឹងជនជា​មន្ត្រី​យោធា នៅ​បញ្ជាការ​កង​អង្គរក្ស ឈ្មោះ ឯ​ល ស៊ឹ​ម​សុភ​ក្រ័​ ​៖