ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ Beat Richner អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ធ្វើ​ពិធី​ដង្ហែ​យក​ទៅ​តម្កល់​ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប​ហើយ ។ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដង្ហែ​នេះ បាន​បង្ហាញ​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បំផុត ស្ទើរ​គ្រប់​គ្នា​ស្រក់​ទឹកភ្នែក ពេល​ដង្ហែ​អដ្ឋិធាតុ​របស់​លោក​មក​ដល់ ម្នាក់​ៗ​បង្ហាញ​ពី​ទឹកចិត្ត​ស្ដាយ ស្រណោះ​ពន់ពេក ចំពោះ​ការ​ឃ្លា​តទៅ​ឆ្ងាយ គ្មាន​ថ្ងៃ​វិល​ត្រឡប់ ។

អដ្ឋិធាតុ​អតីត​ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា គឺ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ត្រូវ​បាន​នាំ​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥ ខែ​ធ្ន ឆ្នាំ​២០១៨​នេះ ដើម្បី​យក​មក​ដាក់​តម្កល់​ក្នុង​ចេតិយ ទើប​សាងសង់​ហើយ​ថ្មី​ៗ ស្ថិត​នៅ​ខាង​មុខ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ខេត្តសៀមរាប សម្រាប់​គោរព​បូជា ក្នុង​ចំណោម​មហាជន ។

ពិធី​ដង្ហែ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៦ បន្ត​មក​ដល់​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គរ បត់​តាម​ផ្លូវ​ស៊ី​វុ​ត្ថា​ឆ្ពោះទៅ​កាន់​ផ្សារ​ចាស់​តាម​រង្វង់​មូល​នាគ​បាញ់​ទឹក បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់​បត់​ស្រប​តាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប មក​កាន់​ស្ពាន​ព្រះរាជ​ដំណាក់ និង​បន្ត​តាម​ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ដើម្បី​ចំ​តម្កល់​ទុក និង​និមន្ត​ព្រះសង្ឃ​ជិត​៧០០​អង្គ ដើម្បី​សម្តែង​ព្រះ​បរិត្ត បង្សុកូល​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នឹង​យាង​ប្រទាន​ភួងផ្កា និង​គ្រឿង​សក្ការៈបូជា នៅ​ទី​ចេតិយ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​វិ​ជ្ជ​បណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ដែល​អដ្ឋិធាតុ​របស់​លោក​ត្រូវ​បាន​ដាក់​តម្កល់​ក្នុង​ចេតិយ ស្ថិត​នៅ​ខាង​មុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប ក្បែរ​សាល​ដែល​លោក​តែងតែ​ប្រគំ​តន្ត្រី​រៃ​អង្គាសប្រាក់​សម្រាប់​សង្គ្រោះ​កុមារ​កម្ពុជា ។

មហាជន​ក្នុង​ខេត្តសៀមរាប បាន​នាំ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ជា​អ្នក​មានគុណ នៅ​មន្ទីរពេទ្យ​គ​ន្ទ​បុប្ផា ដោយ​ក្ដី​រំជួលចិត្ត​ពន់ពេក​ណាស់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព និង​សម្តែង​ការ​សោកស្តាយ ចំពោះ​មរណភាព​របស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ការ​ទទួលមរណភាព​របស់​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ គឺជា​ការ​បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​រូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ស្ទើរ​ពេញ​មួយ​ជីវិត លើ​ការងារ​មនុស្សធម៌​សម្រាប់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បង្កើត​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ផ្តល់​សេវា​ព្យាបាល​ដោយ​ពុំ​គិតថ្លៃ​សម្រាប់​មាតា​និង​កុមារ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រជា​ពលរ​ដ្ន​កម្ពុជា​ទាំងអស់ បាន​ទទួល​នូវ​ភាព​សោកសង្រេង​ជា​ពន់ពេក ចំពោះ​គ្រូពេទ្យ​ទេវតា ដែល​បាន​ទទួលមរណភាព បន្សល់​នូវ​ភាព​សោកស្តាយ និង​ស្រណោះ​ជា​ពន់ពេក ដែល​លោក​បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់ គុណធម៌​ដ៏​ធំធេង​ទាំងនេះ ធ្វើ​ឲ្យ​ពលរ​ដ្ន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ឡើយ ៕