ភ្នំពេញ ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ​ប្រាវ​រវាង​សមត្ថកិច្ច និង​បុរស​២​នាក់ ក្រោយ​សមត្ថកិច្ច​ខណ្ឌដង្កោ​ដេញ​តាម​ឃាត់ខ្លួន​បុរស​ទាំង​២ កំពុង​ជិះ​ម៉ូតូ Zoomer មួយ​គ្រឿង ព្យាយាម​ជិះ​គេចខ្លួន តាំងពី​ខណ្ឌដង្កោ រហូត​ដល់​ខណ្ឌមានជ័យ ។​លុះ​ពេល​សមត្ថកិច្ច​ខណ្ឌមានជ័យ តាម​មក​ដល់​ចំណុច​ផ្លូវលំ ប្លុក​ផ្ទះ​ជួល​មួយ​កន្លែង ជិត​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ស្រាប់តែ​បុរស​ពីរ​នាក់​នោះ បាន​ដក​កាំភ្លើង បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ សំណាង​មិន​ត្រូវ ហើយ​ត្រូវ​សមត្ថកិច្ច​សម្រេចចិត្ត​បាញ់​តបត​ទៅ​វិញ បណ្ដាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់ ចំ​ជើង​ម្ខាង ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងែ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

ជុំវិញ​ករណី​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ជា​ករណី​អ្វី ខណៈ​ដែល​សមត្ថកិច្ច​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង និង​សមត្ថកិច្ច​ខណ្ឌដង្កោ កំពុង​នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សិន និង​បន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ ។

ដោយឡែក បើ​តាម​ប្រភព​ច្បាស់​ការណ៍​មួយ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់ កំពុង​ផឹកស៊ី នៅ​សង្កាត់​ព្រៃ​ស ក្នុង​ខណ្ឌដង្កោ ហើយ​ពួក​គេ​បាន​ដក​កាំភ្លើង​ម៉ាក ឡុ​ក បង្ហាញ​ក្នុង​ន័យ​បង្អួត​ដល់​អ្នក​ដទៃ ស្រប​ពេល​នោះ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ឃើញ ស្រាប់តែ​ជនសង្ស័យ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ចេញពី​កន្លែង​ផឹកស៊ី ជិះ​រត់គេច​រហូត ទាំង​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​៣ ដេញ​តាម​ពីក្រោយ ខណៈ​មក​ដល់​ផ្លូវ​ទាល់​ម្ដុំ​ផ្សារ​ដី​ថ្មី ជនសង្ស័យ​ម្នាក់ ក៏​ដក​កាំភ្លើង​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​វិញ​មួយ​គ្រាប់​ចំ​ជើង​ម្ខាង បណ្ដាល​ឲ្យ​ដេក​ដួល​លើ​ម៉ូតូ ហើយ​សមត្ថកិច្ច​បាន​ចាប់​វ៉ៃ​ខ្នោះ និង​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ៕