ខេត្ត​ព្រះ​សីហ​នុ ៖ ទាក់ទង​សារព័ត៌មាន​មួយ​ចំនួន បាន​បង្ហោះ​រូបភាព​ទាក់ទង​មាន​ជន​មួយ​ក្រុម​សាក់​រូប​ពេញ​ខ្លួន និង​កាន់​ដាវ ថា ជា​ក្រុម​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ចេញ​សារ​បញ្ជាក់​ថា មិនមែន​នៅ​ប្រទេស​កម្ពុជា​ទេ ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក ជួន ណា​រិ​ន្ទ សរសេរ​ថា «​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សហ​នុ សូម​គោរព​រាយការណ៍​ជូន​សាធារណៈជន សូម​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្មី​ៗ កន្លង​មកនេះ មាន​សារព័ត៌មាន​មួយ​ចំនួន​តូច បាន​បង្ហោះ​ថា រូបភាព​ជន​ខាងក្រោម ដែល​មាន​សាក់​រូប​ពេញ​ខ្លួន​នេះ​គឺ ជា​ក្រុម​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​តាម​ពិត ក្រុម​ទាំងនេះ ជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GIA DINH VUI TINH ជា​រឿយ​ៗ បាន​បង្ហោះ​រូប​ក្រុម​នេះ​ធ្វើ​សកម្មភាព​បង្អួត​សាក់ ដាក់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គាត់ ជា​អកុសល​ត្រូវ​សារព័ត៌មាន​មួយ​ក្តាប់​តូច ព្យាយាម​បំពុលសង្គម​ខ្មែរ​យើង អោយ​អាប់អួរ មិន​ស្រាកស្រាន្ត ។ ដូច្នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​គោរព​រាយ​ការ​ណ៏​ជូន​ដល់​សារ​ធា​ណៈ មេត្តា​យកចិត្ត​ដាក់ ពិនិត្យ​អោយ​បាន​ច្បាស់លាស់​មុន​និង​វាយតម្លៃ និង​សូម​អោយ​បងប្អូន​ជនរួមជាតិ មេត្តា​មាន​ស្មារតី​ខ្ពស់ ក្នុង​ការ​លើកតម្កើង ថែរក្សា​កិត្តិយស មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ របស់​ប្រទេស​ជាតិ​យើង​ទាំងមូល ។ សូម​អរគុណ​! » ។

ថ្មី​ៗ​នេះ មាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​តូច នៅ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​បង្ហោះ និង​ស៊ែរ​បន្ត​គ្នា ពាក់ព័ន្ធ​នឹង​រូបភាព ​ដែល​ពួក​គាត់​ជឿជាក់​ថា ជា​រូប​របស់​ក្រុម​ជន​អន្ធពាល​ចិន ដែល​មាន​រូប​ចាក​សាក់ពេញខ្លួន ​ប្រមូលផ្តុំ​គ្នា កាន់​អាវុធ​គ្រប់​ដៃ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​រូបភាព ដោយ​ខ្លះ​បាន​រិះគន់​មក​លើ​អាជ្ញាធរ​កម្ពុជា ដែល​មិន​មាន​វិធានការ​ជាដើម ប៉ុន្តែ​រូបភាព​នោះ​ការ​ពិត​មិនមែន​នៅ​កម្ពុជា​ឡើយ ៕