ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៣ ធ្នូ ​២០១៨ មានការ​ភ្ញាក់​ផ៌្អើ​លមួយ​ដោយសារ​បុរស​ម្នាក់បាន​ដេក​លង់លក់​មួយភាំង ធ្វើអោយ​កូនប្រុស អាយុ​៣​ឆ្នាំ ដើរ​វង្វេង​ចេញ​បាត់​ពី​ផ្ទះ មិនដឹងទៅណា ។ ប៉ុន្តែសំណាងល្អ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញកូនប្រុស ក៏​​នាំ​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្មេង​ប្រុស ដែល​វង្វេង​បាត់​ពី​ផ្ទះ មានឈ្មោះ​ហេង មាន អាយុ​៣​ឆ្នាំ ស្នាក់​នៅ​ក្រោម​បន្ទុក​ស្ត្រី​ជា​ម្តាយ នៅ​ម្តុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ចំណែក​ឪពុក​មានឈ្មោះ​សាក មិថុនា អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​តារា​អ៊ែ​រ​ផត ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សមត្ថកិច្ច អោយ​ដឹង​ថា បុរស​ជា​ឪពុក បាន​លែងលះ​គ្នា ជាមួយ​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ​ហើយ ដោយ​ប្រគល់​កូនប្រុស​តូច ដែល​សព្វថ្ងៃ​មាន​អាយុ​៣​ឆ្នាំ ទៅ​ឱ្យ​ប្រពន្ធ​ជា​អ្នក​ចិញ្ចឹម​បីបាច់ លុះ​នឹក​កូនប្រុស​ពេក ក៏​ទៅ​សុំ​យក​កូន​មក​លេង​១​ថ្ងៃ ស្រាប់តែ​រវល់​ដេក​លក់​មួយភាំង កូនប្រុស​ក៏​ដើរ​វង្វេង​ចេញ​បាត់​ពី​ផ្ទះ ទំនង​ទៅ​រក​ផ្ទះ​ម្តាយ​វិញ ។

ក្រោយមក ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ តាម​ផ្លូវ ក៏​សួរនាំ និង​នាំ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ស្វែងរក​ឪពុក​ម្តាយ ឲ្យ​មក​ទទួលយក​កូន​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ក៏​បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​ក្មេង​ប្រុស​ខាងលើ ទៅ​ឲ្យ​បុរស​ជា​ឪពុក យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕