បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ មាន​សិស្ស​ស្រី​ប្រុស​ដែល​មាន​អាយុ​ពី​១៣​ទៅ​១៥​ឆ្នាំ នៅ​វិទ្យាល័យ​សំពៅ​លូន ប្រមាណ​២០​នាក់ បាន​ដួល​សន្លប់ ជា​បន្តបន្ទាប់ រហូត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ក៏​មាន​សិស្ស​ប្រមាណ​១០​នាក់​ទៀត បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន ផង​ដែរ ។

សិស្សសាលា​ភាគច្រើន​បាន​ធូរស្រាល និង​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​អស់ហើយ​។ ចំពោះ​មូលហេតុ​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​។

ប្រជាពលរដ្ឋ​ខ្លះ​ថា មក​ពី​សិស្ស​ហូប​ចំណីអាហារ​ដែល​គ្មាន​អនាម័យ​ហើយ ។ អ្នកខ្លះ​ថា​មក​ពី​សុខភាព​របស់​សិស្ស​ខ្សោយ ។ ប្រជាពលរដ្ឋ សូម​ឱ្យ​ខាង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ករណី​មួយ​នេះ​ដែល​នាំ​អោយ​សិស្ស​ក្នុង​វិទ្យាល័យ​ដួល​សន្លប់ ខាងលើ​ផង ។

លោក​អធិការ​ស្រុក បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​មិន​ទាន់​ច្បាស់លាស់​ទេ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា ករណី​សិស្ស​វិទ្យាល័យ​ដួល​សន្លប់​នេះ ដូច​ជា​ករណី​របស់​កម្ម​ការ​នី តាម​រោងចក្រ​នៅ​រាជធានី ខេត្ត គឺ​បណ្តាល​មក​ពី​សុខភាព​របស់​សិស្ស​មួយ​ចំនួន​ខ្សោយ ហើយ​ដួល​សន្លប់ ហើយ​សិស្ស​ផ្សេង​ឃើញ​ក៍​ដួល​បន្ត​គ្នា ដោយ​អ្នកខ្លះ​មិន​បាន​ហូប​នំចំណី​អាហារ​ដែល​លក់​ក្នុង​សាលា​ផង​ក៍​ដួល​សន្លប់​ដែរ ។

គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ​នេះ សិស្ស​ប្រហែល​ជិត​៣០​នាក់​បាន​ធូរស្រាល​ហើយ ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

បច្ចុប្បន្ន​ទាំង​សមត្ថ​កិ​ច្ ក៍​ដូច​ជា​គ្រូពេទ្យ ដែរ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ទើប​ប្រកាស​ជា​ផ្លូវការ ៕