បន្ទាយ​មាន​ជ័យ ៖ ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥ បាន​ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង គ្មាន​ពន្ធ ក្នុង​នៅ​ភូមិ​គ្រឹះ​ឧកញ៉ា ហង្ស ស៊ី​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែធ្នូ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ប្រភព​បញ្ជាក់​ថា រថយន្ត​ទំនើប​២​គ្រឿង ប្រភេទ​រថយន្ត​ទេសចរណ៍ ពណ៌​ស សុទ្ធតែ​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ក្នុង​មួយ​គ្រឿង ។ រថយន្ត​ទាំង​ពីរ​គ្រឿង រួម​មាន ១-​ម៉ាក តូ​យ៉ូ​តា​អាល់​ហ្វា​រ៉ូ (Toyota Alpharo) និង​២-​ម៉ាក តូ​យ៉ូ​តា វែ​ល ហ្វា​យ​អឺ (Toyota Vell Fire) ពណ៌​ស​ដូច​គ្នា ។

លោក សុទ្ធា វ៉ា​ន់​ណា​រី មន្ត្រី​គយ​និង​រដ្ឋាករ​ចល័ត​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ប្រចាំ​ខេត្តបន្ទាយមានជ័យ និយាយ​ថា រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នេះ​ ជា​រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ល្មើសច្បាប់ ហើយ​ត្រូវ​បាន​យក​មក​លាក់​ទុក​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា​ម្នាក់​ក្នុង​ខេត្ត​នេះ ។ ក្រោយ​ពេល​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ ក៏​បាន​ចុះ​បង្ក្រាប​និង​ឃាត់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង ។ រួច​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ចល័ត​តំបន់​៥ ។

ដោយឡែក មួយ​ករណី​ទៀត នៅ​បន្ទាយ​មាន​ជ័យ​ដូច​គ្នា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រស់ រៀម នាយការិយាល័យ​ស្តីទី បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក FOD RAGER ពីរ​បាំង ចង្កូត​ស្តាំ ពណ៌​ប្រផេះ ផលិត​នៅ​ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​យា​ង្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ រស់ រៀម បាន​ឲ្យ​ដឹង​ថា រថយន្ត​ចង្កូត​ស្តាំ ដែល​ឃាត់​នេះ​សង្ស័យ​អ្នកទិញ​យក​មក​ប្រើប្រាស់​គ្មាន​ពន្ធ​នាំ​ចូល និង​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត ក្លែងក្លាយ ។

បើ​តាម​ការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ឈ្មោះ នាង សា​រឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក បាន​ប្រាប់​សមត្ថកិច្ច​ថា ប្រហែល​មួ​យស​ប្តា​ហ៍​មុន ខ្លួន​បាន​ដូរ​ដី​ជាមួយ​ឈ្មោះ​ស៊ុន សា​រឿ​ន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ នៅ ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ដោយ​ខ្លួន​បាន​ប្រគល់​ដី​ឲ្យ​ឈ្មោះ​ស៊ុន សា​រឿ​ន ចំនួន​៣​ហិ​កតា នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ជា​ថ្នូរ​នឹង​រថយន្ត FOD RAGER នេះ តម្លៃ​២​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ។

ចំណែក​ចម្លើយ​ឈ្មោះ​ស៊ុន សា​រឿ​ន បាន​និយាយ​ថា រយៈពេល​ប្រហែលជា​បី​ខែ​មុន ខ្លួន​បា​ដូរ​ដី​ជាមួយនឹង​រថយន្ត FOD​នេះ ជាមួយ​ឈ្មោះ ជា សុខុម ភេទ​ប្រុស មុខរបរ​ជា​យោធា នៅ​ឯ​ស្មាច់ ខេត្តឧត្តរមានជ័យ ដោយ​ប្រគល់​ដី​ចំនួន​១​ហិ​កតា​កន្លះ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ជា​ថ្នូរ​នឹង​រថយន្ត FOD RAGER នេះ ។ ក្រោយ​ពី​ដូរ​បាន​ខ្លួន​បាន​ពឹងពាក់​ប្អូនធម៌​នៅ​ភ្នំពេញ ធ្វើ​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​រថយន្ត ក្នុង​តម្លៃ​៥​ពាន់​ដុល្លា ឲ្យ​ប្អូនធម៌​គាត់​រក​ពឹង​គេ​ជួយ​ធ្វើ​ឲ្យ ពេល​យក​ស្រាប់​ប័ណ្ណ​សម្គាល់​យានយន្ត និង​ស្លាក​លេខ​ក្លែងក្លាយ គាត់​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​អ្នក​ធ្វើ តែ​តេ​មិន​ចូល ក្រោយមក​លឺ​ថា អ្នក​ធ្វើ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ពី​បទ​ធ្វើ ប័ណ្ណ​យានយន្ត និង​ស្លាក​ក្លែងក្លាយ ។

ដោយ​ផ្អែក​លើ​ឯកសារ​ពាក់ព័ន្ធ​ដែល​ដកហូត​បាន និង​ចម្លើយ​សារភាព​របស់​ឈ្មោះ នាង សា​រឿ​ន និង​ឈ្មោះ​ស៊ុន សា​រឿ​ន ជន​ទាំង​២​នាក់​នេះ គឺ​ពិតជា​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​ប្រាកដ​មែន បច្ចុប្បន្ន​ជន​ទាំង រួម​រថយន្ត​ត្រូវ​បាន​បញ្ជូន​ទៅ សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​ច្បាប់ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ផង​ដែរ ៕