ភ្នំពេញ ៖ នារី​វ័យក្មេង ស្រស់​ស្អាត​២​នាក់ បាន​ស្រែក​ឈ្លោះប្រកែក​គ្នា​ជាមួយ​បុរស​ម្នាក់ យ៉ាង​តឹងសរសៃក រហូត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាល​វេលា​ម៉ោង ១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ខាងជើង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ រួម​ទាំង ព្រូ​រថយន្ត​ម្នាក់​ទៀត បាន​បើករថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-5028 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បើក​វ៉ា​ជែង​មក​ខាងឆ្វេង រួច​បត់ ស្ដាំ​វិញ​ទាំង​កំរោល ក៏​ជ្រុល​ទៅ​បុក​កៀរ​រថយន្ត​កាម​រី​ហា​យ​ប្រី​ដ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0520 ធ្វើ​ដំណើរ​ស្របគ្នា បើក​ដោយ​នារី​វ័យក្មេង​ពីរ​នាក់ បណ្ដាល​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​មិន​មាន​អ្នក របួស​នោះ ទេ ។ ភ្លាម​នោះ​ភាគី​រង​គ្រោះ និង​ភាគី​បង្កហេតុ​មិន​ព្រម​ធ្វើការ​សម្របសម្រួល​គ្នា​នោះ​ទេ បែក​ជា​ឈ្លោះប្រកែក គ្នា​យក​ត្រូវ​រៀងខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល អ្នកដំណើរ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​ថា មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ សម្បត្តិ​រដ្ឋ ក៏​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សម្រប​សម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ព្រមយក រថយន្ត​កាម​រី​ហា​យ​ប្រី​ដ ទៅ​ជួសជុល​ឲ្យ​វិញ ដើម្បី​បញ្ចប់រឿង​តែ​ម្តង ៕