ភ្នំពេញ​ ៖ តាម​សេចក្តីរាយការណ៍ ជា​បឋម​បាន​ឲ្យ​ដឹង​ថា រថ​ភ្លើង​ដឹក​អ្នកដំណើរ​ភ្ញៀវ​បរទេស​១​គ្រឿង បាន​បើក​ជ្រុល​ទៅ​បុក​រះ ខូចខាត​រថយន្ត​តូច​ធំ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​បាន​បន្ត​រុញ​ចូល​ទៅ​បុក​បង្គោល​ភ្លើង និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បន្ត​បន្ថែម​ទៀត បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ បាន​រង​បួស​ធ្ងន់ ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៤៥​នាទី ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​មុខ​អាកាសយានដ្ឋាន​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ អោយដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត និង​ម៉ូតូ​ បាន​ឈប់​ជា​បន្តបន្ទាប់ នៅ​ចំណុច​ស្តុ​ប​ខាងលើ ខណៈនោះមាន​រថភ្លើង​បាន​ធ្វើ​ដំណើរ​ ដឹក​ភ្ញៀវ​អន្តរជាតិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​ឈប់​រំលោភ​លើ​ផ្លូវ​រថភ្លើង ​។ រួចបន្តទៅ​បុក​រថយន្ត​កាម​រី​មួយគ្រឿងទៀត ចំ ចំហៀង ហើយ​រុញ​ទៅ​ផ្ទប់​បង្គោល​ភ្លើង និង​ចូល​ផ្ទះប្រជាពលរដ្ឋ ​បណ្តាល​ឲ្យ​បាក់​បង្គោល​បា​ណូ​ ។ ខណៈនោះ​មាន​ម៉ូតូ​១​គ្រឿង ក៏​ត្រូវ​បាន​រថភ្លើង បុក​រុញ​​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​បាន​រង​របួសទាំង​២​នាក់​ផង​ដែរ ​។

ក្រោយកើតហេតុ ជន​រង​គ្រោះត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ ​។ ដោយឡែក​រថភ្លើង​ក្រោយ​កើតហេតុ​បាន​ត​ចូល​អាកាសយាន​ដ្ឋាន​ហើយ​បាន​ដាក់​ភ្ញៀវ​ហើយ​ក៏​បាន​ត្រឡប់​ក្រោយ​ទៅ​វិញ​បាត់​ទៅ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​បង្កើត​ឲ្យ​មាន​ផ្លូវ​រថភ្លើង នៅ​ចំ​កណ្តាលផ្លូវ​ថ្នល់ តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ជួនកាល​ម៉ូតូ​បើក​សុខ​ៗ ក្រឡាច់​ផ្លូវ​រថភ្លើង​ដួល​បោក​ក្បាល និង​ខ្លះ​ទៀត ត្រូវ​រថភ្លើង​រ៉ូ​យ៉ា​ល​អ៊ែ​រ​វ៉េ បុកបណ្តាល​ឲ្យ​រង​របួស ជា​បន្តបន្ទាប់​ជា​ច្រើន​ករណី​ផង​ដែរ ​៕