ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញទៅទស្សនាប្រាសាទបុរាណ នៅក្នុងវិសាលដ្ឋាន Patan Durbar Square នាទីក្រុង Kathmandu នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (Nepal)។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណ:ប្រតិភូ ត្រូវទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្ស នៃតំបន់ប្រវត្តិសាស្រ្តទាំងពីរ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនឈរត្រៀបត្រា រង់ចាំនៅទីនោះ។ ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកសាងឡើង នៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចំណាស់បំផុតរបស់ប្រទេសនេប៉ាល់។ ប្រាសាទនេះបានកសាងឡើង ដោយរាជវង្ស និងបុព្វបុរសរបស់ប្រទេសនេប៉ាល់។

តំបន់ប្រវត្តិសាស្រ្តនេះ Patan Durbar Square គឺត្រូវបានសង់ឡើង នៅសតវត្សទី១២ មានលំនាំជាប្រាសាទ មានលាបបិទពណ៌មាស មានស្រះបុរាណ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត។ សំណង់បេតិកភណ្ឌទាំងអស់នេះ បានទទួលរង ដោយគ្រោះធម្មជាតិ ស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើឲ្យតំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។ ប៉ុន្តែក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាល នៃប្រទេសនេប៉ាល់ បានខិតខំស្តារ និងកសាងឡើងវិញ ដោយរក្សានូវទម្រង់ដើម នៃប្រាសាទបុរាណនេះ។ក្នុងនោះកម្ពុជាក៏បានចូលរួមផ្តល់ជំនួយមនុស្សធម៍ថវិកាមួយចំនួនផងដែរ៕