ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានកំហឹងជាមួយអ្នកណានោះទេ ស្រាប់តែទាញកាំភ្លើងខ្លីមួយដើម បាញ់មេឃជិត១០គ្រាប់ បង្កឳ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទល់មុខផ្ទះលេខ ១១B ផ្លូវ៦៦៦ ភូមិតាងូវក្រោមសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។

បុរសដែលបាញ់បោះសេរីត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន តែសមត្ថកិច្ចមិនបានឳ្យស្គាល់អត្តសញ្ញាណ និងតួនាទីនោះទេ ។ តាមសម្តីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឳ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីកម្មវីធីនៅម្តុំទួលក្រសាំង គោលបំណងត្រលប់ទៅផ្ទះវិញនៅក្បែរកន្លែងកើតហេតុ រួចហើយរូបគាត់បានទូរស័ព្ទឳ្យប្រពន្ធចាំបើកទ្វារផ្ទះផង តែពេលនោះដែលប្រពន្ធរបស់បានប្រាប់គាត់ថា មានបុរសម្នាក់បានកាន់កាំភ្លើងដើរបាញ់ពេញផ្លូវ ។

ដោយឮដំណឹងបែបនេះ រូបគាត់បានបើករថយន្តមកដល់ជិតផ្ទះក៍បានចេញទៅប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលនិរោធន៍ថា​ មានករណីផ្ទុះអាវុធក្បែរផ្ទះគាត់ តែពេលនោះសមត្ថកិច្ចបានប្រាប់គាត់វិញថា កម្លាំងរបស់គាត់ចុះទៅ២នាក់ហើយ ទើបរូបគាត់បើករថយន្តបត់ចូលផ្លូវទៅផ្ទះ ស្រាប់តែឃើញបុរសម្នាក់នោះ បានកាន់កាំភ្លើងខ្លី មិនស្គាល់ម៉ាកមកគោះរថយន្តរបស់គាត់សួរថាទៅណា ដោយសារតែឃើញហេតុការណ៍និងកាំភ្លើងបែបនេះ រូបគាត់ក៍បានបើករថយន្តថយក្រោយវិញទៅប៉ុស្តិ៍សមត្ថកិច្ចនិរោធន៍ម្តងទៀត ទើបសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចហើយបានឃាត់ខ្លួនបុរសរូបនោះយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅតែម្តងទៅ ក្នុងករណីនេះដែរ សមត្ថកិច្ចបានប្រមូលសំបកកាទុសចំនួន៨គ្រាប់ ។

ជុំវិញករណីនេះដែរ សមត្ថកិច្ចហាក់បីដូចជាមានការលាក់បាំង មិនឳ្យអ្នកសារព៍ត័មានថតរូបជនបង្ករនោះទេ ហើយក៍មិនបានប្រាប់ថា ជនបង្កជាអ្នកធ្វើការនៅអង្គភាពណាដែរ គឺបិទធ្វើជិតឈឹងតែម្តង ៕