ខេត្តបន្ទាយមានជ័យៈ​ បុរសកំណាចម្នាក់គ្រាន់តែទាស់សម្ដីគ្នាពីរឿងចាប់ត្រីនៅក្នុងស្រែ បែរជាមានចិត្តឃោរឃៅ ព្រៃផ្សៃ ចាប់ស្រ្ដីរងគ្រោះរឹតកសម្លាប់ចោល តែអំពើអាក្រក់មិនអាចលាក់បាំង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់​បាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិស្នួ ឃុំស្នួមាន​ជ័យ ស្រុកព្រះនេត្រព្រះ។

មន្រ្ដីនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា​ ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ប៊ុន សុខ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្នួ ឃុំស្នួមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ រីឯស្រ្តីរងគ្រោះឈ្មោះ ឃូន ឃីន អាយុ៤៩ឆ្នាំ មុខរបរជាកសិករ ជាស្រ្ដីមេម៉ាយ មានលំនៅក្នុងភូមិ-ឃុំជាមួយនឹងជនសង័្សយ។

មន្រ្ដីនគរបាលដដែល បានបន្ដថា កាលពីវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលអំពីករណីឃាតកម្មមួយ បានកើតឡើង នៅក្នុងដីស្រែមួយកន្លែង នៅក្នុងភូមិកើតហេតុខាងលើ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីករណីឃាតកម្មបែបនេះ នគរបាលមូលដ្ឋាន មន្រ្ដីជំនាញ​ស្រុក និងខេត្ដ បានចុះទៅកាន់កន្លែងកើតហេតុ ហើយបង្កើតគណៈកម្មការត្រួតពិនិត្យ និងធ្វើកោស​ល្យ​វិច័យលើសាកសព។

មន្ត្រីនគរបាលដដែល បានបន្ដថា តាមការពិនិត្យ គឺជនរងគ្រោះត្រូវបានជនដៃដល់រឹតកសម្លាប់ ហើយហើយយកសាកសពមកប្លុងចោល នៅលើភ្លឺស្រែ ដោយក្បាលសណ្តូកទៅទិសខាងកើត មានសភាពផ្កាប់មុខ, ដៃទាំងពីរត្រូវចងមកក្រោយ ដោយប្រើខ្សែចងស្បែកជើង ពណ៌ស, នៅត្រង់កមានចងរឹតដោយខ្សែនីឡុង ពណ៌លឿង នៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។ បន្ទាប់ពីពិនិត្យលើសាកសពរួចហើយ សមត្ថ​កិច្ច​ជំនាញ​បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បាននូវអត្ដសញ្ញាណរបស់ជនដៃដល់ ហើយចុះទៅឃាត់ខ្លួន នាំមកសាកសួរ។

មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលនាំមកដល់អធិការដ្ឋាននគរបាលស្រុក ជនសង័្សយ​បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនរងគ្រោះ​បានចុះទៅចាប់ត្រី នៅក្នុងស្រែរបស់ខ្លួន (ជនសង័្សយ)។ ដោយសារតែរូបគេខ្លាចខូចស្រូវ ទើបខ្លួនស្ដីឲ្យជនរងគ្រោះ ទើបបង្កឲ្យមានការទាស់ពាក្យសម្ដីនឹងគ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលនោះ ដោយសារខ្លួនមានកំហឹង​ខឹងខ្លាំងពេក ក៏មិនអាចទប់ចិត្ដ ក៏ស្ទុះទៅវាយ និងចាប់ជនរងគ្រោះរឹតកសម្លាប់ចោលតែម្ដងទៅ។

ក្រោយពេលទទួលបាននូវចម្លើយសារភាពរបស់ជនសង័្សយហើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនដៃដល់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ដតាមផ្លូវច្បាប់៕