ភ្នំពេញៈ មន្ត្រីនគរបាល​ម្នាក់កំពុងតែច្រៀងលេងសប្បាយ នៅក្នុងហាងខារ៉ាអូខេ លុះឃើញម្ដាយទៅតាមរករឿងដល់ក្នុងហាង ធ្វើឲ្យគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ដកកាំភ្លើងបាញ់ទៅលើកញ្ចក់រថយន្ដរបស់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងមុខហាងខារ៉ាអូខេ «ពិភពរាត្រី» ​នៅតាមផ្លូវលេខ១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ត្រីនគរបាលដែលបានបាញ់បោះសេរីខាងលើ ឈ្មោះ ថា រ៉ា បម្រើការងារនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែន។ មុនពេលកើតហេតុ​ មន្ត្រីនគរបាលរូបនោះ បានបើករថយន្ត ម៉ាកតូយ៉ូតាហាឡែនដឺរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ​2U-3913 មកចូលច្រៀងខារ៉ាអូខេ នៅក្នុងហាងខាងលើ។ លុះមួយសន្ទុះក្រោយ​មក ស្រាប់តែលេចមុខម្ដាយរបស់គេ បានតាមមករករឿង​។ ឃើញបែបនេះ ស្រាប់តែមន្ត្រីនគ​របាលទំនើងរូបនោះ បាន​ខឹងសម្បា​នឹងម្ដាយ ហើយស្ទុះដើរចេញមកក្រៅ ដកកាំភ្លើងខ្លី បាញ់រថយន្តរបស់ខ្លួនចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្បែរ​កន្លែង​កើតហេតុ និងសមត្ថកិច្ច។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបាញ់បោះសេរីរួចហើយ​ មន្រ្ដីនគរបាលរូបនោះ និងម្ដាយរបស់គេបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ដោយ​បន្សល់ទុកតែ​រថយន្ត ដែលរងដោយគ្រាប់កាំភ្លើង។ ដោយឡែករថយន្តនោះត្រូវបានក្រុមសន្តិសុខរុញយកទៅលាក់ទុក មានចម្ងាយពីកន្លែងកើតហេតុ ប្រហែលជាង១០០ម៉ែត្រ។ នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកមន្រ្តីនគរបាលរូបនោះ នាំមកសាកសួរ និងចាត់ការតាមច្បាប់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាដល់ថ្នាក់លើ សូមមេត្តាចាត់វិធានការដល់មន្រ្ដីនគរបាលទំនើងខាងលើ ដើម្បីទុកជាមេរៀនដល់មន្រ្ដីដទៃទៀត និងជាការការពារដល់កិត្ដិយសរបស់កងនគរបាលដែលប្រកាន់ខ្ជាប់នូវវិន័យត្រឹមត្រូវ៕