Home ព័ត៌មានជាតិ

លោកស្រីស័ក្ដិ៤កន្លះម្នាក់ រងការចោទប្រកាន់ មិនយកលុយខ្មែរពីអ្នកធ្វើលិខិតឆ្លងដែន


ភ្នំពេញៈ លោកស្រីម្នាក់​ដែលបម្រើការងារផ្នែកធ្វើលិខិតឆ្លងដែន ត្រូវបានគេចោទប្រកាន់ថា បដិសេធទទួលយកលុយខ្មែរ ហើយបញ្ចេញនូវចរិតច្រឡោតដាក់អ្នកទៅធ្វើលិខិតឆ្លងដែន បង្កឲ្យមានការរិះគន់យ៉ាង​ខ្លាំងពីអ្នកលេងសង្គមហ្វេសប៊ុក និងចែករំលែកតគ្នាយ៉ាងព្រោងព្រាត។

បើតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេររៀបរាប់ថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមសួរទៅក្រសួងពាក់ព័ន្ធនឹងកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានជាមន្ត្រីដែលធ្វើលិខិតឆ្លងដែន មិនព្រម​ទទួយយកលុយខ្មែរ? សូមមេត្ដាអាសូរដល់ប្រាក់រៀលខ្មែរ​ផង អាណិតដល់លុយជាតិខ្លួនឯងផង។

នៅក្នុងគណនីដដែល បានបន្ដថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ នៅ​ពេលខ្ញុំឲ្យលុយខ្មែរ៤០ម៉ឺនទៅមន្ត្រីធ្វើលិខិតឆ្លងដែន បែរជាមន្ត្រីម្នាក់នោះបានទារលុយពីខ្ញុំចំនួន​៤២​ម៉ឺនរៀល។ ឮបែបនេះ ខ្ញុំបានសួរថា ខុសតម្លៃហាងឆេងខ្លាំងម្ល៉េះ? ប៉ុន្តែស្រាប់តែលោកស្ដី្រម្នាក់នោះបាន បញ្ចេញនូវចរិតច្រងេងច្រងាងថា មិនយកលុយខ្មែរទេ ហេីយថែមទាំងឲ្យខ្ញុំទៅរកលុយដុល្លារអាមេរិក មក​ឲ្យគាត់ ទើបគាត់ព្រមយកទៅវិញ។

ទោះជាយ៉ាងណា ម្ចាស់គណនីហ្វេសប៊ុក មិនបានបញ្ជាក់ថា ហេតុការណ៍នេះ​បានកើតឡើង នៅទីណា? ពេលណា (ថ្ងៃ ខែ ឆ្នាំ ? ) ការិយាល័យណា? បង់លុយពីរឿងអ្វី ? ….. ដូច្នេះ KBN មិនបានវិនិច្ឆ័យរឿងនេះ ហើយក៏មិនដឹងថា វាជារឿងពិត ឬក៏អាចជាការបំប៉ោងព័ត៌មាន… ? បើមានករណីអ៊ីចឹងមែន លើកក្រោយសូមអស់លោកសង្ខេបពីដំណើររឿងប្រាប់មកផង …ពីព្រោះច្បាប់ គេនិយាយពីហេតុផល, អង្គហេតុ និងភ័ស្តុតាង។

ជុំវិញការលើកឡើងខាងលើនេះ KBN មិនបានដឹងថា មានការពិត ឬមិនពិតកម្រិតណានោះឡើយ ពីព្រោះយើងខ្ញុំ មិនមែនស្ថិតនៅក្នុងហេតុការណ៍នោះ ហើយក៏មិនមានប្រភពណាមួយទាក់ទងសុំការបំភ្លឺពីមន្ត្រីដែលបម្រើការងារ នៅក្នុងកន្លែងធ្វើលិខិតឆ្លងដែននោះដែរ។ ប្រសិនបើមានព័ត៌មានបញ្ជាក់មកពីភាគីពាក់ព័ន្ធ យើងខ្ញុំនឹងជម្រាបជូនមិត្តអ្នកបន្ដទៀត៕