ខេត្ដរតនគិរីៈ បុរសល្មោភកាមម្នាក់ បានចាប់ប្អូនថ្លៃអាយុ១៣ឆ្នាំរំលោភសេពសន្ថវៈ រហូតបានសម្រេច​ជាបន្ដបន្ទាប់ចំនួន៦ដង ក៏បែកការដឹងដល់ម្ដាយរបស់នាង ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិ​គ្លិះ ឃុំស៊ើង ស្រុកបកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង័្សយ​បានប្រើល្បិច នាំប្អូនថ្លៃ​របស់គេ ទៅចាប់រំលោភ​ រហូតបានសម្រេចជាបន្ដបន្ទាប់ចំនួន៥លើក ហើយគំរាមនាងមិនឲ្យយករឿងអាស្រូវរបស់ខ្លួនទៅប្រាប់ឪពុកម្ដាយ និងអ្នកដទៃ។ លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០​១៨ ជន​សង័្សយបាននាំនាងទៅចាប់រំលោភម្ដងទៀត នៅក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។ ប៉ុន្តែដោយសារក្មេងស្រីរងគ្រោះ​បានរងនូវការឈឺចាប់ខ្លាំងពេក ទើបនាងយករឿងរ៉ាវដ៏លាមកនេះ មកប្រាប់អាណាព្យាបាលរបស់នាង ហើយពួកគាត់បាននាំនាងទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល។

មន្រ្ដីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ​លើ​អនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ទីង ទឹម អាយុ៣២ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរធើ្វចម្ការ មានលំនៅក្នុងភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ល ស អាយុ១៣ឆ្នាំ ជនជាតិទំពួន មានលំនៅក្នុងស្រុកបកែវ។

មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវ​ជ្រាវ និងចុះទៅដល់ផ្ទះរបស់ជនសង័្សយ។ ប៉ុន្ដែប្រពន្ធរបស់គេ​ហាក់បីដូចជាមានគំនិតចង់កុហកសមត្ថ​កិច្ច ដោយប្រាប់ថា ប្ដីរបស់នាងទៅរកស៊ីអារឈើ នៅក្នុងព្រៃ។ ទោះជាប្រពន្ធរបស់ជនសង័្សយមានបំណង​ចង់កុហកក្ដី តែសមត្ថកិច្ចបានប្រើប្រាស់នូវជំនាញរបស់ខ្លួន ដោយបញ្ជាឲ្យប្រពន្ធរបស់គេចុចទូរស័ព្ទហៅប្ដី ឲ្យត្រឡប់មកផ្ទះ ហើយកុហកថា កូនឈឺ។

មន្រ្ដីនគរបាលដដែល បានបន្ដថា នៅពេលជនសង័្សយត្រឡប់មកដល់ផ្ទះ សមត្ថកិច្ចក៏ចាប់ខ្លួន រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។ នៅពេលនោះ ជនសង័្សយបានសារភាពថា ខ្លួន​​ពិតជា​បាន​ប្រើល្បិចលួងលោម​ប្អូនថ្លៃ​ស្រី និងនាំនាងទៅចាប់​រំលោភ​បាន​សម្រេចចំនួន​៦​លើក​ប្រាកដ​មែន។

ជនសង័្សយបានប្រាប់សមត្ថកិច្ចបន្ដថា ការចាប់រំលោភលើកទី១ គឺរូបគេប្រើល្បិចបញ្ជោតនាង​ទៅ​រក​ត្រី​នៅ​ក្នុងអូរមួយ ហើយក៏ចាប់រំលោភតែម្ដង។ លុះក្រោយៗមក រូបគេបាននាំនាង​ចម្ការ​តែ​ពីរ​នាក់​ ហើយ​​ចាប់​នាងរំលោភជា​ញឹកញាប់​ តែដោយសារនាង​អត់ទ្រាំ​នឹងទង្វើដ៏លាមករបស់ខ្លួនលែងបាន ទើបនាងយករឿងអាស្រូវហ្នឹង មក​ប្រាប់​ម្តាយក្មេករបស់ខ្លួន ធ្វើឲ្យគាត់ខឹង ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនគេតែម្ដង។

ក្រោយពេលទទួលបានចម្លើយសារភាពពីជនសង័្សយ និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ទើប​សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់​ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕