ខេត្តតាកែវ ៖ លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ និងកំពុងត្រៀមខ្លួនឡើងតំណែងជាស្នងការរងនគរបាលខេត្តតាកែវផងនោះ ស្រាប់តែបែកធ្លាយរឿងប្រើអំពើហិង្សាដាក់ប្រពន្ធខ្លួនឯង ដោយសារតាមទាន់ខ្លួនលួចទៅជួបស្រីស្នេហ៍ទាំងកណ្តាលយប់ក្នុងក្រុងដូនកែវ ។
ប្រពន្ធរបស់លោកអធិការនគរបាលក្រុងដូនកែវ គឺអ្នកស្រី ពៅ សុភាព ហៅក្អៀប បានបង្ហោះសារតាមបណ្ដាញសង្គម ហ្វេសប៊ុក ថា លោកប្តីប្រើអំពើហិង្សាលើរូបនាង កាលពីយប់ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក ម្ចាស់គណនីមួយឈ្មោះ Pouv Sopheap ដែលគេដឹងថា ជាប្រពន្ធអធិការក្រុងដូនកែវ លោក ឆាយ សាវុធ បានសរសេររៀបរាប់ថា «កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ប្តីរបស់ខ្លួន បានបញ្ចេញស្នាដៃរបស់ខ្លួនអួតស្រីស្នេហ៍ ដោយលើកដៃវ៉ៃប្រពន្ធ ដែលតាមទាន់ ។ អ្នកស្រី ក៏បានស្នើឲ្យមិត្តភ័ក្តិ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែករំលែក«Share»តៗគ្នាផងដែរ» ។
ហេតុការណ៍ដ៏កម្រនេះ លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ ខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សា លើប្រពន្ធពិតប្រាកដមែន ដោយលោកបានទះនាងមួយកំភ្លៀង ហើយមូលហេតុ នៃការប្រើអំពើហិង្សារនេះ គឺបណ្ដាលមកពីប្រពន្ធរបស់លោក បានបើករថយន្តបុករថយន្តរបស់លោក ឲ្យខូចខាតគូថរថយន្តខាងក្រោយ ។
តែទោះជាយ៉ាងណា លោកអធិការក្រុងដូនកែវ ក៏បានអះអាងថា នេះជារឿងគ្រូសារផ្ទាល់ខ្លួនរបស់លោកទេ ហើយលោកនឹងធ្វើការដោះស្រាយគ្នា ក្នុងរង្វង់គ្រូសារមិនឲ្យមានបញ្ហាវែង ឆ្ងាយតទៅទៀតនោះទេ ។
ជុំវិញករណីនេះដែរ លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ តែដោយសារគ្មានពាក្យបណ្តឹងពីជនរងគ្រោះ ជំនាញលោកមិនអាចចាត់ការបានទេ ដូច្នេះមានតែព្រះរាជអាជ្ញាទេ ទើបមានសិទ្ធិចាត់ការតាមនីតិវិធី ។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អ្នកសារព័ត៌មានយើង នៅមិនទាន់សុំការបំភ្លឺបន្ថែមអោយច្បាស់ ពីលោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បាននៅឡើយទេ ។
បើតាមការ Commment នៅលើការបង្ហោះនោះ មិត្តភ័ក្រមួយចំនួន នៅក្នុងហ្វេសប៊ុក បាននាំគ្នារិះគន់លោកអធិការក្រុងដូនកែវ យ៉ាងចាស់ដៃ ដោយមិនគួរណាដាច់ចិត្តលើកដៃវ៉ៃប្រពន្ធ បែបនេះទេ ដោយឡែក មិត្តភ័ក្រខ្លះទៀត ក៏បានលើកឡើងថា មិនគួរណា ប្រពន្ធបង្ហោះរឿងគ្រូសារ ដែលឈ្លោះគ្នាតិចតួចនោះទេ មានការអីជជែកគ្នាវិញ ប្រសើរជាងយកមកបង្ហោះឲ្យគេដឹងឮ រឿងគ្រូសារផ្ទាល់ខ្លួន ៕