ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​បង្កើត​គណនី​ក្លែង​ក្លាយជា​ច្រើន ដោយ​ដាក់​ប្រូ​ហ្វា​ល់ រូប​ស្រី​ស្អាត​ និង​ប្រុស​ស្អាត​ រួច​អេ​តទៅ​ជន​រង​គ្រោះ(ទាំង​ស្រី​ទាំង​ប្រុស​) ហើយ​ប្រើ​ល្បិច​បោក​អារម្មណ៍​សណ្តំ​រូប​កាយ​ឲ្យ​ទន់​ទោរ​តាម​ពាក្យ​លួង​ឆាត​ទៅ​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​រូប​អាក្រាត​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយ​ពី​ជនសង្ស័យ​បាន​រូប​អាក្រាត​ទាំងនោះ​ហើយ ប្រើប្រាស់​ដើម្បី​គំរាម​យក​ប្រាក់​ពី​ជន​រង​គ្រោះ បើ​មិន​ព្រម​ផ្ញើ​ឲ្យ គេ​នឹង​បង្ហោះ​រូបភាព និង​វី​ដេ​អូ​ទៅ​ឲ្យ​បងប្អូន​សាច់ញាតិ ។

ទោះជា​យ៉ាងណា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ុន្តែ​នៅ​មិន​ទាន់​បង្ហាញ​ពី​អត្តសញ្ញាណ ជនសង្ស័យ វ័យ​ជាង​២០​ឆ្នាំ នៅឡើយ​ទេ ។

បើ​តាម​សមត្ថកិច្ច អោយ​ដឹង​ថា បុរស​ទុ​ច្ច​រិ​ក​ខាងលើ បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​រាប់​សិប​អា​ខោ​ន ដែល​ដាក់​រូប​ប្រូ​ហ្វា​ល់​ជា​ស្រី​ស្អាត​ក៏​មាន រូប​ប្រុស​ស្អាត​ក៏​មាន និង​ព្យាយាម​អេ​ត​ហ្វ្រេ​ន ទៅ​គ្រប់​ទិស​ទី និង​ឆាត​និយាយ​សាង​ស្នេហា រហូត​មាន​អ្នកខ្លះ​ជ្រុលខ្លួន​លង់​ស្រលាញ់​បាន​សម្រេច បុរស​កំហូច​បាន​ទទូច​ឲ្យ​មានការ​ឆាត​រូប​អាក្រាត​កាយ ឬ វី​ដេ​អូ​អាក្រាត ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ទៅ​វិញ​ទៅ​មក ។ ពេល​បាន​រូប ឫ​វី​ដេ​អូ​ដល់​ដៃ​ហើយ ចាប់ផ្តើម​ឆាត​គំរាម​ទម្លាយ​រូប​ជា​សាធារណៈ ឬ​គំរាម​ថា នឹង​ផ្ញើ​រូប​អាក្រាត​នោះ ទៅ​សាច់ញាតិ ប្រសិនបើ​មិន​ផ្ញើ​លុយ​ឲ្យ ទេ​នោះ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន កុំ​ទទួល​អេ​ត​ហ្វ្រេ​ន (accept friends) ជន​ណា​ដែល​អ្នក​មិន​ស្គាល់ ព្រោះ​ជន​អគតិ​មួយ​ចំនួន អាច​ប្រើប្រាស់​គណនី​ក្លែងក្លាយ ដើម្បី​បោកប្រាស់ និង​គំរាម​ទារប្រាក់​ជាដើម ៕