ភ្នំពេញ៖ យុវជនប្រុសស្រី៦នាក់ ប្រុស៤ ស្រី២នាក់ នាំគ្នាទៅផឹកស៊ីនៅមុខណាហ្គាវើរ បាននាំគ្នាជិះទៅអង្គុយលេងនៅមុខមាត់ទន្លេម្តុំអូតែលសុខា ត្រូវបានក្រុមជនសង្ស័យវ័យក្មេង៤នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ៣ដើម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូហុងដាឌ្រីមបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខា នៅចំណុចមាត់ទន្លេមុខយុទ្ធការ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះ ហេង ហម ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបន្ទាស់កណ្តាល ឃុំបន្ទាស់កណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះដូចខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនជាមួយមិត្តភក្ដិទាំងអស់៦នាក់ ប្រុស៤នាក់ និងស្រី២នាក់ ជិះម៉ូតូ២គ្រឿង ម៉ូតូស៊ុយសុគីនិចពណ៌សបិទពណ៌ស្វាយមិនចាំស្លាកលេខ និងមួយគ្រឿងទៀតជារបស់ជនរងគ្រោះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306 បាននាំគ្នាទៅផឹកស៊ីនៅឯមុខណាហ្គាវើរ ។

លុះពេលដែលពួកគេផឹកស៊ីរួច ខាងមិត្តភក្ដិជនរងគ្រោះបានបបួលគ្នាជិះដើរលេងបន្តទៅមុខមាត់ទន្លេត្រើយខាងកើត ម្តុំអូតែលសុខា ខណៈពេលអង្គុយលេងបានមួយសន្ទុះក្រោយមក មិត្តភក្ដិ ជនរងគ្រោះបានបបួលគ្នាត្រឡប់ទៅផ្ទះវិញ រៀបនឹងបញ្ឆេះម៉ូតូជិះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌ស មិនចាំស្លាកលេខប្រដាប់ទៅដោយដាវសាំម៉ូរៃចំនួន៣ដើម និងម្នាក់ទៀតជាអ្នកចាំម៉ូតូ បានធ្វើសកម្មភាពកាប់កាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល បណ្តាលឱ្យមិត្តភក្ដិជនរងគ្រោះម្នាក់រងរបួសរយះដៃម្ខាង ហើយប្រជាពលរដ្ឋនៅម្តុំនោះតែងតែនិយាយថា ឧស្សាហ៍មានករណីកាប់ប្លន់យកម៉ូតូញឹកញាប់ណាស់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វារដើម្បីឱ្យសមត្ថកិច្ចតាមស្រាវជ្រាវតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕