ភ្នំពេញៈ អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា បាន​ព្រមាននឹង​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​លើ​​ម្ចាស់​ស្ថានីយ​ឥន្ធនៈណា​ ​ដែល​លក់​ប្រេង​គ្មាន​គុណភាព និង​បរិមាណ មិនគ្រប់ចំនួន តាមការកិច្ចសន្យា​តម្រូវឲ្យ​ម្ចាស់​ស្ថានីយ​កែ​កំហុស​ខ្លួន។

លោក ឌឹម ថេង អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ពេល​នេះ​តទៅ ​មន្ត្រី​កាំកុងត្រូល​នឹង​សហការ​ជា​មួយ​ព្រះរាជអាជ្ញា​រាល់​ពេល ​ចុះ​ត្រួត​ពិនិត្យ​​ស្ថានីយ​ឥន្ធនៈ​នានា ​នៅទូទាំង​កម្ពុជា។ ប្រសិនបើសមត្ថកិច្ចជំនាញ​រក​ឃើញ​ថា ​​ស្ថានីយ​ណា​មួយ​ប្រព្រឹត្ត​កំហុសខាងលើ ​គឺម្ចាស់​ស្ថានីយ​នោះ ​អាច​​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។

អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានបន្ដថា «ឥឡូវ​ហ្នឹង​ដោយ​សារ​តែ​ប្រហែល​ជា​ប្អូន​បាន​ដឹង​ ហើយ​ក៏​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ច្រើន​មកហើយដែរ​ថា​ អត់​ឃើញ​មាន​ចាត់​វិធានការ​អី​ គឺ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​សហការ​ជា​មួយ​ព្រះរាជអាជ្ញា​តែ​ម្ដង​ រាល់​ពេល​ចុះ​ទៅ​ហ្នឹង ​ព្រោះ​យើង​បាន​ផ្សាយ​ដំណឹង​នេះ​យូរ​ហើយ »។

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​ព្រមាន​បែប​នេះ បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល​ បាន​ចុះ​ត្រួត​ពិនិត្យ និង​រក​ឃើញ​មានម្ចាស់​ស្ថានីយ​ប្រេង​មួយ​ចំនួន បាន​លក់​ប្រេង​មិន​គ្រប់​បរិមាណ និងគ្មានគុណភាព។

ដោយឡែកលោក​មេធាវី​ សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​អម្រិន្ទ​ បានគាំ​ទ្រ​ឲ្យ​មាន​វិធានការតាម​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា​​ ដែល​ក់​ប្រេង​មិន​គ្រប់​បរិមាណ តាម​រយៈ​ការ​វិធានការ​ផាក​ពិន័យ​។ ករណីនេះ យើង​មើល​ដែរ​ថា ​ជា​ចេតនា ឬ​ក៏​អចេតនា ហើយ​បើ​យើង​និយាយ​ថា ​ខ្វះ​នោះ​ គឺ​ខ្វះ​ប៉ុន្មាន? បើ​ខ្វះ​បន្តិច​បន្តួច​ វា​មិន​មែន​ជា​ចេតនា​កេង​បន្លំ​ទេ ​គាត់​មាន​ទៅ​ខុស​ស្អី! […] ប្រសិន​ជា​ផាក​ពិន័យ អូខេ! ខ្ញុំ​គាំទ្រ​បើ​ដល់​ថ្នាក់​ដល់​ជាប់​គុក​ច្រវាក់​ខ្ញុំ​មិន​គាំទ្រ​ទេ។

អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​រក​ឃើញ​ស្ថានីយ​ប្រេង​ឥន្ធនៈចំនួន១១​​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ បាន​លក់​ប្រេង​មិន​​គ្រប់​បរិមាណ ឬ​ក៏​មិន​អនុលោម​តាម​គុណភាព កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕