Home ព័ត៌មានជាតិ

ពិបាកណាស់មែនទេ គ្រាន់តែហាមរថយន្តធុនធំមិនអោយចូលក្រុងពេលថ្ងៃ


ភ្នំពេញ៖ ពាក់ព័ន្ធនឹងបញ្ហារថយន្តធុនធំចូលក្រុងពេលថ្ងៃ គឺជាកង្វល់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ព្រោះថារថយន្តធំៗ ជារឿងៗគេសង្កេតឃើញបង្កបញ្ហាជាច្រើនដល់ចរាចរណ៍ ដូចជាធ្វើអោយកកស្ទះតាមដងផ្លូវ ជាពិសេសនោះគឺបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ឬអ្នកកាន់យាន្តតូចៗជាដើម ជាក់ស្ដែងថ្មីៗនេះរថយន្តយីឌុប បានបើកលឿននិងគ្រប់គ្រងមិនបាន ក៏បានបុករះទៅហាងលក់មីហឹរមួយកន្លែងនៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ។ ដូចនេះ តើវាពិបាកណាស់មែនទេ គ្រាន់តែហាមរថយន្តធុនធំទាំងនេះ មិនអោយចូលក្រុងពេលថ្ងៃនោះ ?

ជាការកត់សម្គាល់ អភិបាលក្រុងភ្នំពេញ ប៉ុន្មានជំនាន់មកហើយ តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស មកដល់លោក ឃួង ស្រេង តែងតែចេញបញ្ជា និងដាក់បម្រាម មិនអោយរថយន្តធុនធំ ចូលមកក្នុងក្រុងពេលថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កបញ្ហាផ្សេងៗ ប៉ុន្តែបំរាមនេះ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះគេសង្កេតឃើញថា កុងតឺន័រ រថយន្តយីឌុប ធំៗ នៅតែបើកចូលក្រុង ព្រុយៗ និងបង្កជាបញ្ហាយ៉ាងច្រើនដល់សង្គម រហូតធ្វើអោយគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែរ ។

មហាជន តែងតែព្រួយបារម្ភ នៅពេលធ្វើដំណើរតាមដងផ្លូវ និងជួបរថយន្តធុនធំ បើកបរក្បែរៗខ្លួន ព្រោះអ្នកបើកបររថយន្តធំទាំងនេះ ដូចមិនដែលបានចូលសាលាបើកបរត្រឹមត្រូវនោះទេ ពោលគឺពួកគេ ហាក់មិនខ្លាចបង្កគ្រោះថ្នាក់ឡើង ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើង ពួកគេក៏ដាក់មេប្រូច រត់បាត់ស្រម៉ោល និងទុករថយន្តអោយសមត្ថកិច្ចដោះស្រាយ ជាមួយនឹងថៅកែរបស់ពួកគេ ។ ដូចនេះ វាដល់ពេលហើយ ដែលសមត្ថកិច្ចថ្នាក់ក្រោម គួរចាត់វិធានការយ៉ាងតឹងរ៉ឹង អោយមានប្រសិទ្ធភាព ក្នុងការឃាត់រថយន្តធុនធំ មិនអោយចូលក្រុងពេលថ្ងៃ ដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ។

គួរកត់សម្គាល់ថា សាលារាជធានីភ្នំពេញ បានហាម រថយន្តធុនធំ ចូលក្រុង ចាប់បីម៉ោង ៦ព្រឹកដល់ម៉ោង ៩យប់ ហើយចន្លោះពីម៉ោង ៩យប់ដល់ម៉ោង ៦ព្រឹក ជាពេលវេលាដែលរថយន្តធុនធំបើកបរលើកដាក់ទំនិញ បានដោយសេរី មិនបង្កផលប៉ះពាល់ដល់អ្នកដំណើរផងដែរ ៕
សហការី KBN