​ភ្នំពេញៈ លោកព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត ជាអ្នកជំនាញ​ផ្នែក​ល្ខោន​បាសាក់​​ បាន​កើតជំងឺ​សួត និង​បេះដូង​ អស់​ជា​ច្រើន​ឆ្នាំ ហើយនៅពេលនេះលោកបានលាចាកលោកនេះ កាលពី​ព្រឹក ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​​៨២​ឆ្នាំ។

បើតាមសាច់ញាតិ​ បានឲ្យដឹងថា ពិធី​បុណ្យសព​របស់​លោក​ព្រឹទ្ធាចារ្យ​ អ៊ុំ សា​មិត្ត ​ប្រារព្ធ​ធ្វើ​ ​នៅ​ក្នុងគេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា (​ជិត​សាលា​បាក់​ទូក​) ហើយ​សព​របស់​លោក​នឹង​ត្រូវដង្ហែទៅ​បូជា ​នៅ​ក្នុងវត្ត​ទឹកថ្លា ខណ្ឌសែន សុខ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក អ៊ុំ នី​មល ត្រូវជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ដ បាន​បង្ហោះ​សារ​ ​ពី​មរណភាព​របស់ឪពុក​ខ្លួន​ថា លោកឪពុក​ដ៏​កម្សត់​របស់​ពួក​ខ្ញុំ ​បានចាក​ចោល​ពួក​ខ្ញុំ​ហើយ។ កាលលោកមានជន្មាយុនៅ លោកឪពុក​តែងតែ​ប្រដៅ ដាស់តឿន​ និងលើកទឹកចិត្ត​ដល់​កូនចៅ​គ្រប់​ៗ​គ្នាឲ្យខិតខំប្រឹងប្រឹងរកស៊ី និងធ្វើអំពើណាដែលមានប្រយោជន៍ដល់សង្គមជាតិ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ ​ពួក​ខ្ញុំ​លែង​បាន​ស្តាប់ លែងបានឮនូវការផ្ដល់ដំបូន្មានពីអ្នកមានគុណ និងលែងបានឃើញ​​លោក​ឪពុកតទៅទៀត​ហើយ។ នៅ​ពេលនេះ ​លោកឪពុកបាន​លាពួកខ្ញុំ​រហូត ​គ្មា​ថ្ងៃ​វិលត្រឡប់​វិញឡើយ​។ សូម​វិញ្ញាណក្ខន្ធ​របស់លោកឪ​ពុក​ទៅ​កាន់​សុគតិភពកុំបីឃ្លៀងឃ្លាត។

ការបាត់បង់លោក​ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត គឺជាការបាត់បង់​ធន​ធាន​មនុស្ស​​មួយ​យ៉ាង​សំខាន់ផងដែរ​។ លោកព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិ​ត‌ ជាអតីត​តួ «​តេ​ជោ​មាស​» ឯកទេស​ល្ខោន​បាសាក់​ ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម។ លោកព្រឹទ្ធាចារ្យ​​បាន​ទទួល​គោ​រម្យ​ងារ ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត ពី​ព្រះមហាក្សត្រខ្មែរ​​។

សូមជម្រាបថា លោក​ព្រឹទ្ធាចារ្យ បានចូល​ប្រឡូក​ក្នុង​វិស័យសិល្បៈល្ខោនបាសាក់​នេះ ​តាំងពី​ឆ្នាំ​១៩៤២ កាល​ល្ខោន​នេះ​នៅ​មានឈ្មោះ​ជា «​ល្ខោន​ទ្រើងឃ្លោក​» នៅឡើយ ហើយ​លោកបានបន្ត​ជាប់​ជា​តួឯក នាទសវត្សរ៍​ទី​៦០ ក្នុងជំនាន់​លោក សាំង សា​រុន​។ ប៉ុន្តែបន្ទាប់ពីថ្ងៃរំដោះ ៧ មករា ​១៩៧៩ លោក​ព្រឹទ្ធាចារ្យ បានក្លាយជា​គ្រូ​ល្ខោនបាសាក់​ដ៏​ល្បី​ជាងគេ នៅក្នុង​ប្រទេសកម្ពុជា​។

លោក​ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត គឺជា​សិល្បករ​ជើង​ចាស់ដ៏​ល្បីមួយរូប ​តាំងពី​ទស​វត្សរ៍​ទី៦០ ហើយលោកត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះ​រាជទាន​គោរមងារ​ នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត មរតក​មនុស្ស​រស់​ផ្នែក​ល្ខោនបាសាក់ ក្នុង​ចំណោម​សាស្ត្រាចារ្យ​១៧​រូប​ផ្សេង​ទៀត​។

ថ្វីត្បិតតែលោកព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនមានជំងឺក្ដី តែទឹកចិត្តរបស់លោកនៅ​តែ​បន្ដខិតខំ ​ប្រមែ​ប្រមូល​​នូវបទ​ពិសោធន៍​ និងចំណេះដឹងរបស់លោក បង្ហាត់បង្ហាញដល់សិស្សជំនាន់ក្រោយឲ្យបានចេះ​ដឹងពីជំនាញសិល្បៈល្ខោនបាសាក់នេះ ដើម្បីរក្សានូវកេរដំណែងវប្បធម៌ដូនតាខែ្មរយើងឲ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕