Home ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះអាសនៈ ផ្អើលសមត្ថកិច្ច


​ភ្នំពេញៈ អគ្គីបានលេបត្របាក់អាសនៈមួយយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថ​កិច្ចចេញមកជួយបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងផ្ទះ​ល្វែងជាន់ទី១ នៃបុរី លឹ​ម សៀង​ហាក់ ស្ថិតក្នុង​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​លេខ៦ ខណ្ឌឫ​ស្សី​កែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ​ បានកើតឡើង​នៅក្នុងផ្ទះលេខ​ 65​F នៃបុរី​ លឹ​ម ​សៀង​ហាក់ ​មាន​ម្ចាស់​ឈ្មោះ នួន ស៊ី​ខន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។ ករណីនេះ បណ្ដាលមក​ពីការទុ​ស្សេ​ខ្សែភ្លើង នៅ​លើ​អាសនៈ​ផ្នែក​ខាងក្រោយ(​ជាន់​ទី​១)។

មន្រ្ដីនគរបាលដដែល បានបន្ដថា នៅក្នុងការជួយអន្ដរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនោះ សមត្ថកិច្ច​បានបើករថយន្ដពន្លត់អគ្គិភ័យមកជួយចំនួន៨គ្រឿង ប៉ុន្តែបាញ់ទឹកអស់តែ៤រថយន្ដ ទើបធ្វើឲ្យភ្លើងរលត់អស់ទៅវិញទាំងស្រុង។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ដោយឡែកសម្ភារដែលខូចខាតដោយសារគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់ថាមានអ្វីខ្លះនោះទេ ហើយរង់ចាំសាកសួរពីម្ចាស់ផ្ទះសិន៕