ខេត្ត​ស្វាយ​រៀងៈ​ ជនបរទេស៣នាក់​បានរកស៊ីជួញដូរ និងសេពថ្នាំញៀន ក៏ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប​ និងឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់​លេខ​ ៣០២​ នៃផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត។

មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីថ្នាំញៀន ហើយត្រូវសមត្ថកិច្ច​ឃាត់ខ្លួននោះ ទី១-ឈ្មោះ​ វ៉ាង​ យាំង​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅភូមិ​សូក​រូ​ក​ ឃុំ​ជី​បិ​ន​ ស្រុក​ចៅ​ថា​ញ់​ ខេត្ត​តៃ​និ​ញ​ ប្រទេសវៀតណាម ទី២-​​ឈ្មោះ​ ដាំង​ ជី​ហ្វឿ​ង​ហាំ​ង​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាស្រ្ដីម៉ាស្សា​ មានស្រុក​កំណើត​នៅភូមិ​ហ្វើ​ង​ហូ​បាយ​ ឃុំ​ចឹ​ង​ហ្វូ​ ស្រុក​ម៉ៃ​ឌូ​ ខេត្ត​សុក​ចាំង​ ប្រទេសវៀតណាម និងទី៣-ឈ្មោះ ភូ​ ជី​វ៉ៃ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ មុខរបរជាអ្នកចាត់ការទូទៅ KTV មានស្រុក​កំណើត​នៅទីក្រុង​កូ​ឡា​ឡាំ​ពួ​ ប្រទេស​​ម៉ា​ឡេ​ស៊ី​។

មន្ត្រីនគរបាលដដែល បានបន្ដថា ក្នុងការឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់ខាងលើនេះ សមត្ថ​កិច្ច​ដកហូត​វត្ថុ​តាងមួយចំនួន ​រួម​មាន​ ថ្នាំ​ញៀន​៣​កញ្ចប់​តូច​,​ ទូរស័ព្ទ​ដៃ​២​គ្រឿង​,​ សម្ភារ​​ប្រើប្រាស់​មួយ​ចំនួន។ ដោយឡែកការឃាត់ខ្លួនជនជាតិម៉ាឡេស៊ីវិញ សមត្ថកិច្ចក៏ដកហូតបាន​វត្ថុ​តាង​មួយចំនួនដែរ រួមមាន ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ លិខិតឆ្លងដែន​១,​ សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។

មន្រ្ដីនគរបាលដដែល បានបន្ដថា មុនពេលចុះទៅបង្រ្កាប និងចាប់ខ្លួននោះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកថា​ ពួកគាត់បានឃើញជនជាតិវៀតណាមចំនួន២នាក់​កំពុងប្រើប្រាស់ថ្នាំញៀន។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនពួកគេ​តែម្ដង។

មន្ត្រីនគរបាលដដែល បានបន្ដថា ក្រោយពេលឃាត់ខ្លួន នាំជនសង័្សយជាជនជាតិវៀតណាមទៅដល់អធិការដ្ឋាននគរបាល ជនសង័្សយ​ឈ្មោះ​ វ៉ាង​ យាំង​ឌឿ​ន​ បាន​សារភាព​ថា​ ថ្នាំញៀនដែលគេយកមកប្រើប្រាស់នោះ គឺទិញពីឈ្មោះ​ ភូ​ ជី​វ៉ៃ​ ជាជនជាតិម៉ាឡេស៊ី។ តាមចម្លើយសារភាពនេះ សមត្ថកិច្ច​បានប្រើប្រាស់ជំនាញរបស់ខ្លួន ដោយបញ្ជាឲ្យជនសង័្សយទាក់ទងតាម​ទូរស័ព្ទ​ រកទិញថ្នាំញៀនពីជនសង័្សយ និង​បន្ត​ស្រាវជ្រាវ ​រហូត​ដល់វេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច ទើបឃាត់ខ្លួនជនសង័្សយដល់​បន្ទប់​ជួលរបស់គេ ស្ថិតនៅខាង​ក្រោយ​ផ្សារ​អន្តរជាតិ​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្ដទឹកនោមរបស់ជនសង័្សយទាំង៣នាក់ រកឃើញមានផ្ទុកនូវ​សារធាតុញៀន ជាវិជ្ជមាន។ បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ដតាមនីតិវិធី៕