ភ្នំពេញៈ មន្ត្រី​យោធា​​ជា​មេខ្លោង​ចោរប្លន់​ប្រដាប់​អាវុធម្នាក់កំពុងធ្វើដំណើរជាមួយនឹងប្រពន្ធ​ ក៏ត្រូវសមត្ថ​កិច្ច​រាជធានី​ភ្នំពេញ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ឃាត់ខ្លួន កាលពី​ព្រឹក ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅតាម​ផ្លូវ​​បេ​តុ​លេខ​ 93z​ ស្ថិតក្នុងភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន​ឈ្មោះ​ ហាត់​ ឆាយ​ ហៅ​ ហាក់​ ឆាយ​ មុខរបរ​ជា​មន្ត្រី​យោធា​ អាយុ​៤២​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៣៦៩​ ផ្លូវ​លេខ៩៣z​ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ និងស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្តី​ ឃុំ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​ នៅក្នុងការឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺសមត្ថកិច្ចបានធ្វើឡើងតាមដីការបស់តុលាការខេត្ដកំពង់ស្ពឺ។

មន្ត្រីនគរបាលដដែល បានបន្ដថា បន្ទាប់ពីឃាត់ខ្លួនជនសង័្សយ សមត្ថកិច្ចបានឆែកឆេរក្នុងរថយន្ដ ម៉ាក CRV ដោយរកឃើញ​អាវុធ​ខ្លី​មួយ​ដើម​ ម៉ា​កឡុក​ចិន​ ពណ៌​ខ្មៅ​ គ្រាប់​មួយ​ចំនួន​ ទូរស័ព្ទ​២​គ្រឿង​ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​។ ក្រោយមក សមត្ថកិច្ចបាន​នាំ​ខ្លួន​ទៅ​ឆែកឆេ​រដល់ក្នុងផ្ទះរបស់​ជន​សង័្សយ ក៏​រក​ឃើញ​ម៉ូតូ​ ម៉ាក PCX​ មួយ​គ្រឿង​ អាវុធ​ខ្លី ​ម៉ាក ​K54​ មួយ​ដើម​ទៀត​ គ្រាប់​ជា​ច្រើន​គ្រាប់​ កាត​គ្រី​រថយន្ត​ និង​ម៉ូតូ​១៤​ ស្លាក​លេខ​រថយន្ត​មួយបន្ទះ​ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើកំណត់ហេតុ បញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺ។ ដោយឡែកប្រពន្ធរបស់ជនសង័្សយ មិនជាប់ពាក់ព័ន្ធ សមត្ថកិច្ច​បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕