ខេត្តកណ្ដាលៈ បុរសម្នាក់នឹកឃើញអ្នកស្គាល់គ្នាជំពាក់លុយ៦ម៉ឺនរៀល អស់រយៈពេល២ឆ្នាំមកហើយ នៅ​តែមិនសង ក៏ទាញដំបងទៅវាយប្រពន្ធរបស់អ្នកជំពាក់ប្រាក់នោះ បណ្តាលឲ្យដួលសន្លប់ស្ដូកស្ដឹង កាល​ពី​វេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

មន្ត្រីនគរលបាលស្រុកស្អាង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាឈ្មោះ យ៉ុន សល់ អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅក្នុងភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រីឯស្រ្ដីរងគ្រោះឈ្មោះ ចេង ហុន អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន ដំបងឫស្សី១កំណត់ និងក្បាលពិលហ្វា១(របស់ជនសង្ស័យ)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនរងគ្រោះបានជិះកង់ទៅតាមរកប្ដីរបស់គាត់ ដែលកំពុងនេសាទត្រី នៅចំណុចបឹង៥០០។ លុះពេលគាត់ជិះកង់ទៅដល់ទីនោះ ក៏មិនឃើញប្ដីរបស់គាត់ ទើបគាត់ត្រឡប់មកវិញ ហើយបានជួបនឹងជនសង័្សយ រួចសួរនាំពី​ប្ដីរបស់គាត់។

ប្រភពព័ត៌មានដដែល បានបន្ដថា នៅពេលនោះ ជនសង្ស័យបានឆ្លើយថា មិនបានឃើញទេ។ បន្ទាប់​មក ជនរងគ្រោះបានបណ្តើរកង់ចេញបានតែបន្តិច ស្រាប់តែជនសង្ស័យបានទាញដំបងឫស្សីវាយ​មក​លើ​ជន​រង​គ្រោះ បណ្តាលឲ្យដួលលុតជង្គង់ ទើបគាត់ខំប្រឹងស្ទុះងើបទៅបណ្តើរកង់រត់មកដល់ផ្ទះខ្លួន តែបានសន្លប់នៅតាមផ្លូវ។

មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនជនសង្ស័យនាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មូលហេតុដែលគេវាយទៅលើជនរងគ្រោះនោះ ក៏ដោយសារតែប្ដីរបស់នាងនោះ បានជំពាក់លុយគាត់ចំនួនប្រាំមួយម៉ឺនរៀល អស់រយៈពេល២ឆ្នាំមកហើយ ក៏នៅតែមិនព្រមសង ទើបធ្វើឲ្យគាត់មានគំនុំដកនៅក្នុងចិត្ត ហើយក៏បញ្ចេញកំហឹងមកលើប្រពន្ធរបស់គេតែម្ដងទៅ។

ក្រោយពេលសាកសួររួចហើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការបន្ដ។ ដោយឡែកជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹក បញ្ជូនទៅព្យាបាលរបួស នៅក្នុងមណ្ឌលសុខភាព៕

បានសង ។ ជនសង្ស័យខាងលើបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕