ខេត្តកណ្ដាលៈ យុវជនម្នាក់​បានឡើងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ តែអស់លក្ខណ៍​ត្រូវប្អូនរបស់នាងឃើញទាន់ ក៏ស្រែកឆោឡោឡើង នាំគ្នាមកចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ និង១២នារីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ។

មន្រ្ដីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ មានលំនៅក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានលំនៅក្នុងស្រុកពញាឮ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ ជនសង័្សយបានបីឆ្កែមួយក្បាលយកទៅធ្វើគ្រឿងក្លែម នៅក្នុងផ្ទះរបស់ក្មេងស្រីរងគ្រោះ។ ស្របពេលបងថ្លៃរបស់ក្មេងស្រីកំពុងតែធ្វើគ្រឿងក្លែមនោះ ជនសង័្សយ​បានឡើងទៅលើផ្ទះរបស់នាង ហើយ​ពួនសំងំនៅក្នុងបន្ទប់របស់នាង។ លុះពេលក្មេងស្រីរងគ្រោះ និងប្អូនរបស់នាងដេកលង់លក់ ស្រាប់​តែ​ជនសង័្សយ​បានមកស្ទាបអង្អែល ប៉ុនប៉ងចាប់ជនរងគ្រោះរំលោភសេពសន្ថវៈ តែប្អូនរបស់នាងភ្ញាក់ ឃើញពីសកម្មភាពរបស់ជនសង័្សយ ធ្វើមកលើបងស្រីរបស់ខ្លួន ក៏ស្រែកហៅឪពុកម្តាយ។ ឮបែបនេះ ពួកគាត់បានស្ទុះមកឃាត់ខ្លួនជនសង័្សយ ហើយរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕