ខេត្តព្រៃវែងៈ ទូកងរបស់ប្រទេសកម្ពុជា មានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់ ជាប់ឯតទគ្គកម្មពិភពលោក «World Guinness Record » ជាផ្លូវការ ហើយបានធ្វើពិធីនេះឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទឹកដី នៃអ្នកលឿងត្រើយខាងកើត ខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យរបស់ World Guinness Record។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូកង ដ៏វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា ​ទូកង នៃព្រះរាជាណាចក្រកម្ពុជា មានប្រវែង​៨៧,៣ម៉ែត្រ បាន​បំបែកឯតទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការហើយ។ ទូកងរបស់កម្ពុជាដែ​លបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែរ រស់នៅក្នុងដែនដីកម្ពុជា»។

ទូកងនេះមានបណ្ដោយប្រវែង៨៧,៣ម៉ែត្រ ទទឹងប្រវែង១,៩៤​ម៉ែត្រ និងជម្រៅ០,៨ម៉ែត្រ។ ក្បាលទូកងនេះ ត្រូវបានរចនាឡើងដោយជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណីត ដែលផ្ទុកបានចំណុះបាន រហូត​ដល់ចំនួន១៧៩នាក់ ក្នុងនោះអ្នកអុំ១០០នាក់ មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕