ភ្នំពេញៈ អគ្គីបានលេបត្របាក់ផ្ទះលក់គ្រឿងសមុទ្របោះដុំខ្នង យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៣២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ កាលពីវេលាខាងលើ ពួកគាត់បានឃើញផ្សែងហុយ ឡើងយ៉ាងខ្មួលខ្មាញ់ លាយឡំនឹងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុ។ ឃើញបែបនេះ សន្ដិសុខដែលយាមនៅជិតនោះ បានរត់ទៅគោះទ្វារ ដើម្បីឲ្យមនុស្សនៅក្នុងផ្ទះដឹង។ ភ្លាមៗនោះ អ្នកនៅក្នុងផ្ទះបាននាំគ្នារត់ចេញពីផ្ទះទាំងប្រញាប់ប្រញាល់ និងសុំអន្ដរាគមន៍ពីសមត្ថកិច្ច។ បន្ដិច​ក្រោយ​មក សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យមក​ជួយ​អន្ដរាគមន៍បាញ់ទឹកពន្លត់ រហូតធ្វើឲ្យភ្លើងរលត់អស់ទៅវិញទាំងស្រុង។

មន្រ្ដីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅក្នុងការជួយអន្ដរាគមន៍ពន្លត់ភ្លើងនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១២គ្រឿង។ ក្រៅពីខូចខាតផ្ទះនោះ គឺភ្លើងបានបំផ្លាញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអាផាត ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1666 និងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនទៀត។ ទោះជាយ៉ាង សមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ៕