​ភ្នំពេញៈ និស្សិត២នាក់​បានភ្លើតភ្លើននឹងសម្ភារនិយម និងដើរលេងប៉ោឡែ រហូតបែកគំនិតអាក្រក់លួច​ម៉ូតូរបស់និស្សិតដូចគ្នា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី​១០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០​១៨​ នៅ​មុខ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​បុ​រី​១០០​ខ្នង​ សង្កាត់​ទឹ​ថ្លា​ ខណ្ឌ​សែន​សុខ​។​

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីលួច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ទី១-​ឈ្មោះ​ តាំង​ ម៉េ​ង​តុង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ និងទី២-​ឈ្មោះ​ សាយ​ ឌុន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​។ ពួកគេទាំង២នាក់ (​គ្មាន​សារធាតុ​ញៀន​)​ មានមុខរបរជានិស្សិតដូចគ្នា និងស្នាក់​នៅ​បន្ទប់​ជួល​លេខ​១២​ ផ្លូវ​បេតុង​ ភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹ​ថ្លា​ ខណ្ឌ​សែន​សុខ​។ រីឯជនរងគ្រោះជាម្ចាស់ម៉ូតូគ្រោះ​ឈ្មោះ​ ផេង​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជានិស្សិត​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៧​ ផ្លូវ​បេតុង​ ភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹ​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។​

មន្ត្រិនគរបាលដដែល បានបន្ដថា ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុ​តាងមួយចំនួន រួមមាន ម៉ូតូ​ចំនួន​៣​គ្រឿង​ រួម​មាន ទី​១-​ម៉ូតូម៉ាក​ហុងដាឌ្រីម សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ ​កំពង់ចាម​ 1L-0371​ របស់​ជន​រង​គ្រោះ​​, ​ទី​២-​ម៉ូតូម៉ាក​ហុងដាឌ្រីម សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០៧​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1W-5138​ របស់​ជនសង្ស័យ​​, ​និង​ទី​៣-​ម៉ូតូម៉ាក​និក​ ស៊េរី២០១៧​ ពណ៌​សលាយ​ក្រហម​ ពាក់​ស្លាក​លេខ ​កំពង់ស្ពឺ​ 1K-2014​ របស់​ជនសង្ស័យ​​។​

មន្ត្រីនគរលបាលដដែល បានបន្ដថា មុនពេលកើតហេតុ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ​បាន​យក​ម៉ូតូ​របស់​ខ្លួន​មក​ទុក​នៅ​មុខ​បន្ទប់​ជួល​ (​ចំណុច​កើតហេតុ​)​ ដោយ​មិន​បាន​ចាក់​ សោក​ម៉ូតូ​ឡើយ​ រួចហើយដើរ​ចូល​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន និង​បិទទ្វារ​ហូប​បាយ​។ រហូត​មកដល់​ម៉ោង​កើតហេតុ​ ជន​រង​គ្រោះ​បាន​ចេញ​មក​ក្រៅវិញ ស្រាប់តែបាត់ម៉ូតូ​របស់​ខ្លួន ក៏បង្កឲ្យមានការ​ផ្អើល​ឆោ​ឡោ​​ដឹងដល់ម្ចាស់ផ្ទះ និងអ្នកជិតខាង។

មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់ពីកើតហេតុភ្លាម ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ក្នុងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ទឹកថ្លា​។ យោងតាមពាក្យបណ្ដឹងនេះ សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ និងសុំកិច្ចសហការពីម្ចាស់ផ្ទះ ហើយឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏ឃើញពីសកម្មភាពរបស់ជនសង័្សយ បានបណ្ដើរម៉ូតូរបស់ជនរងគ្រោះ ចូលទៅក្នុងបន្ទប់របស់ពួកគេ(ជនសង័្សយ)។

ក្រោយពេលឆែកកាមេរ៉ាសុវត្ថិភាពរួចហើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយទាំង២នាក់ និងដកហូត​នូវវត្ថុតាង នាំទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​សាកសួរ និងចាត់ការតាមច្បាប់៕