ការប្រលងប្រកួតសម្លេងកុមារកម្ពុជា The Voice Kids Cambodia បានបញ្ចប់ទៅយ៉ាងជោគជ័យ កាលពីរាត្រីយប់មិញនេះ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងតែម្តង ពីសំណាក់ទស្សនិកជនទូទាំងប្រទេស និងក្រៅប្រទេសផងដែរ ។

មកដល់វគ្គផ្តាច់ព្រ័ត្រនារាត្រីយប់មិញនេះ Coach និមួយៗនៅសល់កូនក្រុមតែពីររូបប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងដណ្តើមពាន The Voice Kids Cambodia រដូវកាលទី២នេះ។

តាមរយៈការបញ្ចេញសមត្ថភាពសម្លេងរបស់បេក្ខជនទាំង៦ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ពិតជាធ្វើឲ្យទស្សនិកជនពិបាកសម្រេចចិត្តមិនស្ទើរទេថា គួរចូលរួមផ្ញើរសារគាំទ្របេក្ខជនមួយណា ព្រោះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ លទ្ធផលគឺបានមកពីការផ្ញើសាររបស់ទស្សនិកជនទាំងស្រុងតែម្តង ដោយគណកម្មការមិនមានសិទ្ធសម្រេចឡើយ ។

ទីបំផុតបេក្ខជនដ៏លេចធ្លោដែលដណ្តើមបេះដូងទស្សនិកជនឲ្យផ្ញើសារបោះឆ្នោតជូនបានច្រើនជាងគេនោះ គឺបេក្ខជន ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ Coach កញ្ញា ។

បរិយាកាសផ្ទាល់នៅក្នុងស្ទូឌីយោហង្សមាស ក្នុងផ្សារទំនើបអ៊ីអនសែនសុខ គឺពិតជាកក្រើកដោយសម្លេងគាំទ្រយ៉ាងកងរំពង ចំពោះរាត្រីដ៏ពិសេសសម្រាប់ការរកឃើញនូវគ្រាប់ពេជ្រ សិល្បៈជំនាន់ថ្មី ជ័យលាភី The Voice Kids Cambodia រដូវកាលទី២នេះ ៕