ចែករំលែក

ភ្នំពេញ ៖ តារាជើងចាស់ ដែលគ្មានតារាណាមកប្រកួតប្រជែងបាន គឺលោកព្រាប សុវត្ថិ ត្រូវបានគេស្គាល់ថា ជាតារាដែលមានរាសីខ្ពស់ត្រដែត មិនចេះលិចសោះ ហើយលោកក៏ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិរាប់លានដុល្លារឯណោះ តែលោកមិនដែលអួត ហើយក៏មិនចង់ឲ្យគេដឹងនោះឡើយ ។

ដោយឡែកជាការចាប់អារម្មណ៍ថ្មីមួយទៀត ដែលមនុស្សជាច្រើនបានដឹងថា ថ្មីៗនេះលោកព្រាប សុវត្ថិ បានបោះទន់រាប់ម៉ឺនដុល្លារ ដើម្បីបន្តនិងពង្រីកមុខជំនួនហាងបាយ និងលក់កាហ្វេរបស់ខ្លួន នៅម្តុំវត្តសំរោងអណ្តែត បន្ថែមលើអាជីវកម្មជាច្រើន ដែលលោកមានសព្វថ្ងៃនេះ ។

គួររំលឹកផងដែរ កាលពីមុន លោកព្រាប សុវត្ថិ បានបើកហាងលក់បាយនៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ដោយមានឈ្មោះថា ស្លឹកចាក ប៉ុន្តែលោកបានលក់ទៅឲ្យពិធីការនី របស់ប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន អ្នកនាង យុគ ចិន្តា ជាអ្នកសេងបន្ត ហើយអ្នកនាង ក៏បានប្តូរឈ្មោះហាងពីស្លឹកចាក ទៅ ស្លឹកឈូក វិញហើយដំណើរការរហូតដល់សព្វថ្ងៃផងដែរ ។

ការបោះទុនរកស៊ីនូវមុខជំនួញថ្មីនេះ ត្រូវបានលោក ព្រាប សុវត្ថិ បង្ហើបឲ្យដឹងថា ដោយសារលោកមានដីនៅទីនោះ​នៅទំនេរ មិនដឹងធ្វើអី ក៏បើកហាងបាយ កាហ្វេ តែម្តងទៅ។ តារាដែលមិនទាន់មានអ្នកចម្រៀងណា អាចផ្តួលបានរូបនេះ ​បន្តថា ហាងរបស់លោក នឹងសាងសង់រួចរាល់អស់ ដោយដំណើរការ នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

តារាចម្រៀងលោក ព្រាប សុវត្ថិ ​ត្រូវបានគេមើលឃើញថា លោកមានទ្រព្យច្រើនលានដុល្លារ ក្នុងនោះ​មានដីធ្លីជាច្រើនកន្លែង នៅក្បែរវត្តសំរោងអណ្តែត និងនៅខេត្តរតនគិរី ផងដែរ។ ប៉ុន្តែ ព្រាប សុវត្ថិ មិនដែលអួតអាងថា លោកជាអ្នកមានម្នាក់ ក្នុងចំណោមសិល្បករដទៃទៀត ដែលត្រូវបានមហាជនវាយតម្លៃថា ជាអ្នកមានទ្រព្យច្រើន ​ដោយកន្លងមក ព្រាប សុវត្ថិ ថែមទាំងមិនចង់ឲ្យអ្នកកាសែតថតរថយន្ត និងផ្ទះរបស់លោកចុះផ្សាយឡើយ ព្រោះខ្លាចគេថា លោកអួត។

ទោះជាយ៉ាងណា គេនៅតែចាត់ទុកថា ព្រាប សុវត្ថិ មានលុយមិនចាញ់ឧកញ៉ាមួយចំនួនឡើយ ដែលភាគច្រើន ទ្រព្យទាំងនោះបានមកពីអាជីពសិល្បៈ ដែលលោកត្រូវប៉ាន់ ជាង២០ឆ្នាំមកហើយ និងបានទិញដីធ្លីអំឡុងពេលនៅថោកៗ ហើយពេលនេះឡើងថ្លៃ ទើបធ្វើឲ្យលោក ស្ទើរតែក្លាយជាសេដ្ឋីទៅហើយ៕