កំពង់ធំ៖ បន្ទាប់ពី សមត្ថកិច្ច​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ របស់​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា និង​កសាង​សំណុំរឿង​ដើម្បី​ការ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធីរួចមក នៅថ្ងៃទី ១០ ខែវិច្ឆិកា នេះ មន្ត្រីតុលាកា បានបញ្ជាក់ថា ជនសង្ស័យទាំងនេះត្រូវបាន លោក អ៉ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ សម្រេចចោទប្រកាន់ពួកគេរួចរាល់តាមនីតិវិធីច្បាប់ ដោយសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារហើយ ។

ជនទាំង ៩នាក់ខាងលើ មានឈ្មោះដូចខាងក្រោម៖

១/​ឈ្មោះ អ៊ុ​ង ចុង​វី (ong chong wee) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ម៉ា​ឡេ​ស៊ី រស់នៅ​ភ្នំពេញ ។

២/​ឈ្មោះ យិ​ន វ៉ៃ​ជី​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​លេខ​៦ សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

៣/​ឈ្មោះ ជូ ថា​រ៉ែ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

៤/​ឈ្មោះ សុត ដៀ​ម ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ទន្លេ ឃុំ​ដូង​ខ្ពស់ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។

៥/​ឈ្មោះ ឌិន ស៊ី​ណាត ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​៣២ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

៦/​ឈ្មោះ ហូ សេន​ហាន់​ទី ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ចិន ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

៧/​ឈ្មោះ ហូ សេន​រ៉ូ​ប៊ី ភេទ​ស្រី អាយុ​២៧​នៅ​ភូមិ​ចិន ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

៨/​ឈ្មោះ ហូ សេន ស៊ី​ហ្វា​ន​សាន ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចិន ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

និង​៩/​ឈ្មោះ គ្រី លី​លី ភេទ​ស្រី អាយុ ២៣​ឆ្នាំ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

គួររំឮកថា ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច ថា ក្រុមហ៊ុន​រៀប​ជា​អន្ទាក់ ខ​លតា​ម​ទូរស័ព្ទ​ប្រាប់​ថា ពួក​គាត់​ត្រូវ​រង្វាន់ ផាវ​វើ​បេង (Power Bank) ដើម្បី​បញ្ជោត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​មក​កន្លែង​ទីតាំង​របស់​ខ្លួន ងាយស្រួល​បង្ខំ​ឲ្យ​ទិញ​សម្ភារៈ ដែល​មាន​តម្លៃ​ចាប់ពី​៣០០​ដុល្លារ រហូត​ដល់​ទៅ​១០០០​ដុល្លារ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក​អធិការ​ក្រុង​ស្ទឹង​សែន បាន​ដឹកនាំ​កម្លាំង​ទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា DUVERA KITCHEN Cambodia នា​សណ្ឋាគារ​ដំរី​ជាន់​ខ្លា វល្លិ​មាស នៅ​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ក្នុង​ពេល​នោះ សមត្ថកិច្ច​ក៏​បាន​នាំ​នារី ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៧​នាក់ មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ជន​រង​គ្រោះ​ម្នាក់ ជា​មន្ត្រីរាជការ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ មាន​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា បាន​ទូរស័ព្ទ​ប្រាប់​ថា រូប​គាត់​ត្រូវ​រង្វាន់​ថ្ម​បញ្ចូល​ទូរស័ព្ទ ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ដាក់​តាំង​លក់​សម្ភារៈ​នេះ ស្ថិត​ក្នុង​សណ្ឋាគារ​យ៉ាង​ស្ងាត់​ៗ ក្នុង​បន្ទប់​តូច ដោយ​មិន​បាន​បើកចំហរ​ជា​សាធារណៈ ម៉ា​ស៊ី​ម៉ាស្សា​ខ្នង បំពង់​ចំ​ម្រោះ​ទឹក​ស្អាត ឆ្នាំង​ដាំបាយ ជើងក្រាន រួម​ទាំង​ថ្នាំ​មួយ​ចំនួន ដែល​ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាសា​អង់គ្លេស ខ្លះ​ភាសា​ចិន តែ​បុគ្គលិក​ប្រចាំការ បាន​ប្រាប់​ថា ជា​ផលិតផល​របស់​អា​មេ​រិ​ក​កាំ​ង​ទាំងអស់ ។

ប្រភព​ដដែល បន្ត​ថា លុះ​មក​ដល់​គេ​បាន​និយាយ​រៀបរាប់​ពី​ផលិតផល​ផ្សេង​ៗ ជា​ហូរហែ បន្ទាប់​មក​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ដេក​លើ ផ្ទាំង​ម៉ាស្សា​ដើរ​ដោយ​ចរន្តអគ្គិសនី ក្រោយមក​ក៏​បាន​យក​សន្លឹក​ឆ្នោត​ជា​ច្រើន​សន្លឹក​ឲ្យ​ចាប់ឆ្នោត​ដើម្បី​ទទួល​បាន​រង្វាន់​ធំ ក្រោយ​ពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន នាំ​គ្នា​ហ៊ោ​ត្រេ​ត​អរ​នឹង​ការ​ត្រូវ​រង្វាន់​ធំ ដែល​មាន​តម្លៃ​ជាង​២,០០០​ដុល្លារ តែ​ត្រូវ​បាន​បញ្ចុះតម្លៃ​ត្រឹម​ជាង​១,០០០​ដុល្លារ ខណៈ​ពេល​ដែល​ត្រូវ​រង្វាន់​មាន​បុគ្គលិក ដើរតួ​សម្តែង​ជា​ទូរស័ព្ទ ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់​គេ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​សំណាងល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង​១,០០០​ដុល្លារ ដើម្បី​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទិញ​សម្ភារៈ​ទាំងនោះ​ភា្ល​ម​ៗ ដែល​ជា​រង្វាន់ ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពិភាក្សា​ពី​ក្រុម​គ្រួសារ​ឡើយ តែបើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ​ប្រាក់​កក់​១០០​ដុល្លារ ។

ជន​រង​គ្រោះ បាន​បន្ថែម​ថា ទំនិញ​ទាំងនោះ គឺ​អន់​បំផុត ដែល​លក់​បើ​គិត​ពី​តម្លៃ គឺ​ថោក តែ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន ប្រើ​មធ្យោបាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​ចាកចេញ​ទៅ​ណា ឬ​ក៏​សួរនាំ​អ្នក​ណា​ឡើយ សូ​ម្បី​តែ​ទូរស័ព្ទ ក៏​មិន​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ដែរ តែបើ​អត់​លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹង​មាន​លុយ​ឲ្យ​ខ្ចី​បន្ថែម​ទៀត ។

ជន​រង​គ្រោះ បាន​បញ្ជាក់​ថា ចំពោះ​ឆ្នោត​ក្រោយ​ពី​ចាប់​បាន គឺ​ឲ្យ​អ្នក​ចាប់​ត្រូវ​ចុះហត្ថលេខា រីឯ​រង្វាន់​មិន​បាន​ឲ្យ​ទេ គឺ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន់​ផ្សេង​ស្នើ​នឹង​តម្លៃ​ទំនិញ​ហ្នឹង​ដែរ ដូច្នេះ​គឺជា​ល្បិច​បោក​ថ្មី សន្លឹក​ឆ្នោត គឺ​ត្រូវ​ទាំងអស់​គ្មាន​សន្លឹក​ណា​មិន​ត្រូវ​នោះ​ទេ បន្ទាប់​ពី​ត្រូវ​ហើយ បង្ខំ​ឲ្យ​ទិញ​អីវ៉ាន​មាន​តម្លៃ​ស្មើនឹង​រង្វាន់ ដូច្នេះ​មិន​ចាំបាច់​ចាប់ឆ្នោត​ធ្វើ​អី ចង់បាន​មក​ទិញ​តែ​ម្តង​វា​ល្អជា​ជាង ។

លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ ក៏​ដូច​ជា ទូ​ទាំង​ប្រទេស សូមកុំ​ឲ្យ​មានការ​ជឿ​លើ​ក្រុមហ៊ុន ដែល​ពុំ​មាន​ទីតាំង​ច្បាស់លាស់ និង​ពុំ​បាន​បើកចំហរ​ជា​សាធារណៈ ពុំ​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ពុំ​មានច្បាប់​អនុញ្ញាត អាច​នឹង​ត្រូវ​បាន​ក្រុម​ឆបោក​ទាំងនេះ ប្រើប្រាស់​ល្បិច​កល ដើម្បី​បញ្ជោត​ឲ្យ​ទិញ​ទំនិញ​របស់​គេ ដែល​មាន​តម្លៃ​ខ្ពស់​ពី​ទីផ្សារ ៕