ភ្នំពេញៈ ស្រ្ដីមួយក្រុមបានចាញ់បោកគេ មកស៊ីឈ្នួលពពោះឲ្យជនបរទេស ក៏ត្រូវសមត្ថកិច្ចចុះទៅបង្រ្កាប និងឃាត់ខ្លួន​ចំនួន១៥នាក់ កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅក្នុងទីតាំង​មួយ​កន្លែង​ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ

​លោក​ ទូច​ សា​រ៉េ​ន​ នាយ​រង​ការិយាល័យ​នគរបាលប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឲ្យដឹងថា នៅក្នុងការបង្រ្កាប និងឃាត់ខ្លួនជនសង័្សយជាប់ពាក់ព័ន្ធរបរស៊ីឈ្នួលពពោះនោះ មានការចូលរួមពីសមត្ថកិច្ចចម្រុះ និងអាជ្ញាធរ រួមមាន ​អភិបាល​​ខណ្ឌ​សែន​សុខ​ និង​អធិការ​នគរបាល​ខណ្ឌ​។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​ដែលស៊ីឈ្នួលពពោះ​ចំនួន​១១​នាក់​ និង​ប្រុស​២​នាក់​ ហើយ​២​នាក់​ផ្សេង​ទៀត​ដែលជា​ចុងភៅ​។

ទោះជាយ៉ាងណា លោកនាយ​រង​ការិយាល័យ​នគរបាលប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ មិន​ទាន់​បាន​បញ្ជាក់​លម្ពិតពីសកម្មភាព នៃការស៊ីឈ្នួលពពោះនេះនៅឡើយ ដោយលោកគ្រាន់តែប្រាប់យ៉ាងខ្លីថា មនុស្ស​ទាំងអស់នេះ​កំពុង​​ស្ថិត​ក្រោម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ជំនាញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​ផ្លូវច្បាប់។​

សូមបញ្ជាក់ថា ការស៊ីឈ្នួលពពោះជំនួសបែបនេះ គឺនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកជាអំពើខុសច្បាប់ ហើយក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាក៏កំពុង​តែ​​ចងក្រង​ច្បាប់​ ដើម្បីផ្ដន្ទាទោស​ទៅលើអ្នកពាក់ពន្ធទៀតផង៕