សៀមរាប ៖ លោក​ជំទាវ លី អ៊ុំ​អេ​ង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ជំនួញ​ដីធ្លី ។

ការ​ចាប់ខ្លួន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។

បើ​តាម​ដីកា​របស់​តុលាការ មុន​ពេល​ចាប់ខ្លួន ចំពោះ​ករណី​នេះ គឺ​លោកស្រី លី អ៊ុំ​អេ​ង បាន​គេចខ្លួន​មិន​ទទួលខុសត្រូវ នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទៅ​ដល់​គេហដ្ឋាន​របស់​លោកស្រី ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកស្រី លី អ៊ុំ​អេ​ង ថា​រំលោភ​យក​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង ១០​ហិ​កតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង និង​ខេត្តសៀមរាប ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ស្កាត់​ពី​ខេត្តសៀមរាប បាន​រៀបរាប់​ថា ដី​ទំនាស់​ខាងលើ​នេះ មាន​ទំហំ​ជាង​១០​ហិ​កតា ដែល​គ្រប់គ្រង​ដោយ​ពួក​គាត់ ៨​គ្រួសារ ខ្លះ​មាន​១​ហិ​កតា ខ្លះ​ជាង​១​ហិ​កតា គឺ​ពួក​គាត់​ទិញ និង​មាន​ធ្វើ​ចុងសន្លឹក​បញ្ជាក់ ដោយ​មន្ត្រី​អាជ្ញាធរ​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់ តាំងពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ ។ លុះ​ក្រោយមក​ទីតាំង​ដី​ខាងលើ​នេះ ត្រូវ​បាន​កំណត់​ទៅ​ជា​ដី​តំបន់​បុរី​សណ្ឋាគារ​វប្បធម៌ និង​ទេសចរ​ណ៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្ប​រា ។

កាល​ណោះ ខាង​អាជ្ញាធរ​អប្ប​រា បាន​ជូនដំណឹង​អោយ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី ធ្វើការ​ដោះស្រាយ និង​ទទួលយក​គោលនយោបាយ​ផង​ដែរ ហើយ​ពួក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​រយៈ​ឯកសារ​កាន់កាប់ និង​សាក្សី​ដឹង​ឮ​គ្រប់​ៗ​គ្នា ។ ក្នុង​នោះ អ្នកខ្លះ​ក៏​ទទួលយក​ប្រាក់​គោលនយោបាយ អ្នកខ្លះ​ក៏​មិន​ព្រម​ទទួលយក ព្រោះតែ​សំណង​តិច​ពេក ហើយ​ពួក​គាត់​ក៏​នៅ​បន្ត​ប្ដឹង​ទាមទារ​គ្រប់គ្រង​ដី និង​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​រហូត​មក ។

លុះ​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​១៥៨ អន​ក្រ​.​បក ធ្វើ​ប្រទាន​កម្ម នូវ​ដី​ក្នុង​តំបន់​បុរី​សណ្ឋាគារ វប្បធម៌ និង​ទេសចរ​ណ៏ ដែល​មិន​ទាន់​ទទួល​បានការ​ដោះស្រាយ គោលនយោបាយ​ពី​អាជ្ញាធរ​អប្ប​រា ត្រូវ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ ។

ប៉ុន្តែ​ពេល​ដែល​ពួក​គាត់​យក​ឯកសារ​ផ្លូវច្បាប់ ដើម្បី​ទៅ​ដាក់​ពាក្យសុំ​ប័ណ្ណកម្មសិទ្ធិ ស្រាប់តែ​លេចមុខ​ជំទាវ លី អ៊ុំ​អេ​ង ចេញ​មុខ​មក​អះអាង​ថា ដី​ខាងលើ​នេះ គឺជា​ដី​របស់​លោក​ជំទាវ​ទៅ​វិញ ដោយ​សំអាង​ថា លោក​ជំទាវ​មាន​លិខិត​កាន់កាប់ (​ចុងសន្លឹក​)​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ទៅ​លើ​ចុងសន្លឹក​ដែល​លោក ជំទាវ លី អ៊ុំ​អេ​ង មាន គឺ​ឯកសារ​ខ្លះ​មានការ​កោស​លប់ មាន​ភាព​មិន​ប្រក្រតី ហើយ​ការ​ប្ដឹងផ្ដល់​គ្នា​ក៏​កើត​មាន​រហូត​មក រហូត​ចុង​ក្រោយ​មន្ត្រី​អ​ជ្ញា​ធរ​ជំនាញ​បាន​សម្រេច ចេញ​ប័ណ្ណកម្មសិទ្ធិ​ប្រគល់​ដី​ខាងលើ​ទៅ​អោយ​លោក​ជំទាវ លី អ៊ុំ​អេ​ង អត្ត​នោ​ម័ត​ដោយ​គ្មាន​ការ​ឯកភាព ពី​ភាគី​អាជ្ញាធរ​អប្ប​រា​ដែល​ជា​សហ​ប្រធាន​នោះ​ឡើយ ។

មិនតែប៉ុណ្ណោះ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នូវ​ដី​ជម្លោះ រួម​ជាមួយ​ដី​ផ្សេង​ៗ​ទៀត​នៅ​ក្បែរ​នោះ ទៅ​អោយ​លោក​ជំទាវ លី អ៊ុំ​អេ​ង ក៏​ជាន់​ទៅ​លើ​ដី​របស់​អាជ្ញាធរ​អប្ប​រាជា​ង​៣​ហិ​កតា​ផង​ដែរ ។

ថ្មី​ៗ​នេះ ខណៈ​លោក​ជំទាវ លី អ៊ុំ​អេ​ង ធ្វើការ​ឈូស​ឆាយ​ចាក់​ដី លើក​ផ្លូវ​ដើម្បី​ពុះ​ឡូ​ត៌​ដី​ទំនាស់​លក់ ក៏​ត្រូវ​បាន​ខាង​អាជ្ញាធរ​អប្ប​រា​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ហាមឃាត់ និង​កាយ​ផ្ដាច់​ផ្លូវ​នៅ​ក្នុង​ដី​ឡូ​ត៌​ទំនាស់ ព្រោះ​រំលោភ​ចូល​ដី​អប្ប​រា ស្រាប់តែ​លោក​ជំទាវ​ចោទប្រកាន់​ថា អាជ្ញាធរ​ថា កាយ​ផ្ដាច់​ផ្លូវ​មិន​អោយ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​វិញ ។

នេះ​ពាក់ព័ន្ធ​វិវាទ​ដី​ជាមួយ​រដ្ឋ​ផង លោក​ជំទាវ​ហ៊ាន​ចោទប្រកាន់​បំភ័ន្ត ទៅ​លើ​អាជ្ញាធរ​បែប​នេះ​ទៅ​ហើយ ចុះ​ទំ​រាំ​ជាមួយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៀត តើ​វា​យ៉ាងណា​ទៅ​វិញ ?

សូមជម្រាបថា ខាងលើ​ពាក់ព័ន្ធ​ការ​អះអាង​ពី​តំណាង​ភាគី​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ ប្រាប់ទៅខាងអង្គភាពព័ត៌មាន Fresh News កាលពី​រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងមក៕