រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចាត់​តាំងពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​អាវុធហត្ថ​ចំនួន​៤​រូប នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចេញ​ទៅ​ចូលរួម​ប្រកួត​បាញ់​ស៊ី​ប (Sniping) អន្តរជាតិ​លើក​ទី​២ នៅ​ប្រទេស​ចិន នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ការ​ប្រកួត​បាញ់​ស៊ី​ប​អន្តរជាតិ​នេះ តាម​ការ​ជូនដំណឹង​របស់​ក្រសួងការពារជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ។ គឺ​រៀបចំ​ឡើង​ដោយ​កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ​ប្រជាជន​ចិន (PAP) និង​មាន​ក្រុម​អ្នក​ប្រយុទ្ធ​ជាង ១០០​នាក់​មក​ពី​ប្រទេស​ចំនួន​២១ បាន​ចូលរួម ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន​, កម្ពុជា​, ឈី​លី​, បេឡា​រុស្ស​, កា​ហ្សា​ក់​ស្ថាន​, គុយ​វ៉េ​ត​, កៀ​ហ្សី​ស្ថាន​, ថៃ​, សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​, តាជី​គី​ស្ថាន​, ប៉ា​គី​ស្ថាន​, ហ្វី​លី​ពី​ន​, ស្រី​លង្កា​, អេ​ស្ប៉ា​ញ​, អ៊ូ​ស​បេ​គី​ស្ថាន​, ហូល្ល​ង់​, ម៉ា​សេ​ដូន​, ជី​ប៊ូ​ទី​, ហុង​គ្រី​, អ៊ី​ស្រា​អែ​ល​, និង​វៀតណាម ។

ការ​ប្រកួតប្រជែង​នេះ មាន​គោលបំណង​បង្កើត​វេទិកា​មួយ ដែល​អាច​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ធ្វើតេស្ត​សមត្ថភាព ក្នុង​ការ​វិនិច្ឆ័យ​គោលដៅ​យ៉ាង​លឿន​,​ត្រឹមត្រូវ និង​បាញ់​ច្បាស់ ហើយ​អ្នក​ប្រយុទ្ធ​ម្នាក់​ៗ អាច​រៀនសូត្រ ពី​គ្នា​ទៅ​វិញ​ទៅ​មក មានការ​រីក​ចម្រើន​រួម​គ្នា ពង្រឹង​ចំណងមិត្តភាព និង​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ​សម​ភាគី​មក​ពី​ជុំវិញ​ពិភពលោក ។

ការ​ប្រកួតប្រជែង​នេះ​ផង​ដែរ គឺ​ផ្តោត​លើ​លក្ខណៈ​នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ដែល​មាន​ចំនួន​ដប់​ពីរ​ព្រឹត្តិការណ៍ ក្នុង​ការ​វាយលុក​លុយ​និង​ការ​បាញ់កាំភ្លើង​ជាក់ស្តែង​នៅ​លើ​សមរភូមិ​សិប្បនិម្មិត នៅ​ភ្នំ​យ៉​ន់​ហាន​ក្បែរ​ទីក្រុង​ប៉េ​កាំ​ង វិញ្ញាសា​រទាំង​១២​ព្រឹត្តិការណ៍ រួម​មាន ៖
– បាញ់​ទម្លាក់​កាំបិត ក្នុង​រយៈ​ចម្ងាយ ៥០​ម៉ែត្រ ទៅ ៨០​ម៉ែត្រ
– បាញ់​៤​កាយវិកា ក្នុង​រយៈ​ចម្ងាយ ១០០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ
– បាញ់​ស៊ើប​ការ ក្នុង​រយៈ​ចម្ងាយ ១២០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ
– បាញ់​បន្លំ​សម្លេង ក្នុង​រយៈ​ចម្ងាយ ១៥០​ម៉ែត្រ ទៅ ១៨០​ម៉ែត្រ
– ក្លែងភេទ​ឆ្មក់​បាញ់ ក្នុង​រយៈ​ចម្ងាយ ១៦០​ម៉ែត្រ ទៅ ២២០​ម៉ែត្រ
– ក្លែងភេទ​បាញ់ តទល់ ក្នុង​រយៈ​ចម្ងាយ ១៨០​ម៉ែត្រ ទៅ ២៤០​ម៉ែត្រ
– បាញ់​គោលដៅ​សំខាន់​ៗ ក្នុង​រយៈ​ចម្ងាយ ៣០០​ម៉ែត្រ ទៅ ៧០០​ម៉ែត្រ
– បាញ់​រំដោះ​ចំណាប់ខ្មាំង ក្នុង​រយៈ​ចម្ងាយ ២៧០​ម៉ែត្រ ទៅ ៣៣០​ម៉ែត្រ
– បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ ៦០០​ម៉ែត្រ ទៅ ៧០០​ម៉ែត្រ
– ស្វែងរក​បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ ៣០០​ម៉ែត្រ ទៅ ៨០០​ម៉ែត្រ
– បាញ់​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ ឡើង​ចុះ​ភ្នំ​ចម្ងាយ​២៣០០​ម៉ែត្រ
– បាញ់​បិទ​សា​ម៉ែ​ល​ចម្ងាយ ៨០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ ។

បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ ក្នុង​ដើមខែ​វិច្ឆិការ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំង​០៤​រូប ដែល​ទៅ​ចូលរួម​ប្រកួត គឺ​មាន​០២​រូប​ទទួល​បាន​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ Sharp Blade-2018 International Sniping Competion នៃ​ពានរង្វាន់ Special Contribution Award និង​ពានរង្វាន់ United Striving Award ផង​ដែរ ៕