ថៃ៖ កាលពីពេលថ្មីៗនេះ និស្សិតស្រីចំនួន ៣នាក់បានទៅដល់ប៉ុស្ដិ៍ប៉ូលិសខេត្តឈៀងម៉ៃ បន្ទាប់ពីចាប់បានសាស្ត្រាចារ្យរបស់ខ្លួនប្រើ Tablet ដើម្បីលួចថតក្រោមសំពត់របស់ពួកនាង ។
ជនរងគ្រោះទាំង៣នាក់ខាងលើ មានឈ្មោះ ទី១ឈ្មោះ ផេច អាយុ១៩ឆ្នាំ ទី២ឈ្មោះ ផ្លយ អាយុ ១៩ឆ្នាំ និងទី៣ឈ្មោះ ភីង អាយុ ១៨ឆ្នាំ ទាំង៣នាក់ជានិស្សិតនៅសកលវិទ្យាល័យល្បីឈ្មោះមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ។

តាមប្រភពពីគណៈកម្មការរបស់មហាវិទ្យាល័យបានឱ្យដឹងថា នៅពេលនេះខាងសកលវិទ្យាល័យមិនទាន់បាននិយាយអ្វីច្រើនឡើយ ដោយសារកំពុងស៊ើបអង្កេតលើករណីនេះឱ្យបានច្បាស់សិន ប៉ុន្តែចំពោះភ័ស្ដុតាង (Tablet) របស់សាស្ត្រាចារ្យ បានប្រគល់ឱ្យប៉ូលិសរួចហើយ ។

យោងតាមសម្ដីរបស់អតីតនាយកសកលវិទ្យាល័យខាងលើបានឱ្យដឹងថា នេះជារឿងដ៏អាម៉ាសបំផុតមួយរបស់សាលា ដូចនេះត្រូវតែមានការស៊ើបអង្កេត និងពិភាក្សាឱ្យបានហ្មត់ចត់ ប៉ុន្តែក៏មិនអាចនៅពន្យាពេលឱ្យយូរបានដែរ ។

សូមបញ្ជាក់ថា ខណៈពេលនេះប៉ូលិសខេត្តឈៀងម៉ៃ បានសុំឱ្យខាងតុលាការចេញដីកាដើម្បីចាប់ខ្លួនជនសង្ស័យ ព្រមទាំងនាំយកវត្ថុតាង មកឃុំបណ្ដោះអាសន្ន ហើយប្រសិនបើរកឃើញអ្វីដូចនៅក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះមែននោះ នឹងត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារលើសពី ១០ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៦០០ដុល្លារបន្ថែមទៀត ៕
សហការី KBN
ប្រភព៖ khaosod